ព័ត៌មានជាតិ

អង្ករកម្ពុជា ត្រូវបានដាក់លក់នៅហាងលក់រាយធំៗ និងផ្សារទំនើប Costco នៅសហរដ្ឋអាម៉េរិក ក្រោមម៉ាកយីហោ «Emerald River»

image


ភ្នំពេញ៖ លោកស្រី ឃី មុន្នី ម្ចាស់ក្រុមហ៊ុន Amru Rice ដែលជាក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយ របស់កម្ពុជា បានអះអាងថា អង្កររបស់កម្ពុជាបច្ចុប្បន្ននេះ ត្រូវបានដាក់លក់នៅសហរដ្ឋអាម៉េរិក ក្រោមម៉ាក Emerald River ដែលមានលក់នៅតាមហាងលក់រាយធំៗ រួមទាំងផ្សារ Costco ផងដែរ។
តាមរយៈទំព័រហ្វេសប៊ុក លោកស្រី ឃី មុន្នី បានពន្យល់ថា Emerald River គឺម៉ាករបស់សហរដ្ឋអាម៉េរិក ដែលពីមុនមកគេបានទិញពីថៃ តែឥឡូវគេបានងាកមកទិញអង្ករកម្ពុជាផង និងពីថៃផង។ លោកស្រីបានជំរុញឲ្យពលរដ្ឋខ្មែរនៅបរទេសពិនិត្យការវេចខ្ចប់ដែលមានស្លាកផលិតផលកម្ពុជា ដើម្បីធានាថាពួកគេទិញអង្ករកម្ពុជា ១០០%។
លោកស្រី បានបញ្ជាក់ថា ការណ៍ដែលអង្ករកម្ពុជា អាចឈានចូលទៅលក់នៅផ្សារ Costco នៅអាម៉េរិកបានមិនមែនជារឿងងាយស្រួលនោះទេ ទម្រាំតែអាចនាំចូលបានត្រូវឆ្លងកាត់ការធ្វើសវនកម្មប្រមាណ ៦ខែ ទាំងការផ្គត់ផ្គង់ បរិមាណផលិត គុណភាពផលិត និងចំនួនកម្មករនិយោជិតដែលបម្រើការជាដើម។
ការឡាយវីដេអូពន្យល់របស់លោក ឃី មុន្នី នៅលើបណ្តាញសង្គមនៅថ្ងៃនេះ គឺបន្ទាប់ពីមានប្រជាពលរដ្ឋខ្មែរម្នាក់ ដែលរស់នៅសហរដ្ឋអាម៉េរិក បានផ្សព្វផ្សាយថា អង្ករ JASMINE RICE ដែលវេចខ្ចប់ក្រោមម៉ាក Emerald River គឺជាអង្កររបស់ថៃ ហើយបន្លំជាផលិតផលកម្ពុជា ដូចដែលបានបញ្ជាក់នៅលើសំបកការ៉ុង Product of Cambodia ខណៈដែលកន្លងមក ក្រុមហ៊ុនបានដាក់ឈ្មោះថា THAI JASMINE RICE។
ជុំវិញព័ត៌មាននេះ CNC បានស្វែងរកការផ្តល់ព័ត៌មានបន្ថែមពីលោក លន់ យ៉េង អគ្គលេខាធិ ការសហព័ន្ធស្រូវអង្ករកម្ពុជាដែរ ប៉ុន្តែលោកកំពុងជាប់រវល់ មិនទាន់អាចឆ្លើយតបបានបានទេ នៅថ្ងៃនេះ។
សូមរំលឹកថា អង្កររបស់កម្ពុជា ដែលដាក់លក់នៅក្នុងផ្សារ Costco ក្រោមម៉ាកយីហោ Emerald River ត្រូវបានវេចខ្ចប់នៅសហរដ្ឋអាម៉េរិកដោយក្រុមហ៊ុន Otis McAllister Inc. ក្រោយពេលដែលក្រុមហ៊ុន និងសហព័ន្ធស្រូវអង្ករកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នា (MoU) កាលពីខែកញ្ញា ឆ្នាំ២០២៤។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានក្រុមហ៊ុន Amru Rice និងក្រុមហ៊ុន Otis McAllister Inc. តំណាងដោយលោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាម៉េរិក។
ចាប់តាំងពីពេលនោះមក អង្ករក្រអូបរបស់កម្ពុជា ដែលមានស្លាកសញ្ញា «ផលិតនៅប្រទេសកម្ពុជា-Made in Cambodia» បានឈានជើងចូលដល់ផ្សារទំនើបធំៗរបស់សហរដ្ឋអាម៉េរិក ជាពិសេសគឺ Costco និង Walmart ដែលជាចំណុចដ៏សំខាន់មួយក្នុងការជំរុញនាំចេញអង្កររបស់ព្រះរាជាណាចក្រកម្ពុជា៕