ព័ត៌មានជាតិ

សិស្សនិទ្ទេសAចំនួន​ ៧៩នាក់​ នៅខេត្តកំពង់ស្ពឺ​ ទទួលបានរង្វាន់កុំព្យូទ័រ

image



កំពង់ស្ពឺ៖​ ដូចដែលបានសន្យា លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បាន​ប្រគល់​រង្វាន់​កុំព្យូទ័រចំនួន​ ៧៩គ្រឿង ដល់​សិស្សនិទ្ទេសA ចំនួន៧៩នាក់នៅ​ខេត្ត​កំពង់ស្ពឺ​ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥​។

លោក​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា លទ្ធផលនិទ្ទេសA ពិតជាបានលើកកម្ពស់មុខមាត់របស់ខេត្តកំពង់ស្ពឺ​ ពិសេស​ មុខមាត់សាលា លោកគ្រូអ្នកគ្រូ និងក្រុមគ្រួសារតែម្តង។

លោកបញ្ជាក់បន្ថែមថា ជាមួយនឹងភាពជោគជ័យដែលទទួលបាននាពេលនេះវាពិតណាស់ជាសមត្ថភាព ប៉ុន្តែត្រូវដឹង​ និងមិនអាចបំភ្លេចបាននោះគឺ ឪពុកម្តាយ អាណាព្យាបាល ដែល​បាន​ផ្តល់ឱកាស​ និងការទំនុកបម្រុងក្នុងការរៀនសូត្រ ជាពិសេស​លោកគ្រូអ្នកគ្រូដែលបាន​ណែនាំ បង្ហាត់បង្រៀនរហូត​ទទួល​លទ្ធផល​បែបនេះ។​ ក្រោយបញ្ចប់ការសិក្សានៅថ្នាក់ឧត្តម​ និងក្រោយចេញបំពេញការងារសង្ឃឹមថា​ នឹងវិលត្រលប់មកចែករំលែកទៅកាន់អ្នកដទៃ​ និងអ្នកជំនាន់ក្រោយ ពិសេសមកជួយអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺឱ្យមានការរីកចម្រើនកាន់តែខ្លាំងបន្ថែមទៀត​ ចៀសផុតពីការមាក់ងាយថាជាខេត្តប៊ុមប៊ឺរលាក់កងជើង។

សូមបញ្ជាក់ថា ក្រៅ​ពី​ផ្ដល់​រង្វាន់​ដល់​សិស្ស​និទ្ទេសA​ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏​បាន​ផ្ដល់​លិខិតថ្លែងអំណរគុណ និង​ថវិកា​មួយចំនួន​ដល់លោកគ្រូ អ្នកគ្រូ​ ផងដែរ៕


អត្ថបទ៖​ ប៊ុត សារុន