ព័ត៌មានជាតិ

អាជ្ញាធរខេត្តរតនគិរី កំពុងស្វះស្វែងរកពលរដ្ឋ ៤នាក់ ដែលបានបាត់ខ្លួនអស់រយៈពេល ៧ថ្ងៃមកហើយ ដោយសារជំនន់ទឹកភ្លៀង នៅស្រុកអូរជុំ

image


រតនគិរី ៖ លោក គៀង តុលា អភិបាលស្រុកអូរជុំ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នេះមានរយៈពេល ៧ ថ្ងៃហើយ ដែលកម្លាំងរដ្ឋបាលស្រុកអូរជុំ ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្តរតនគិរី នៅតែបន្តរុករកមនុស្សចំនួន ៤នាក់ ដែលបានបាត់ខ្លួន ដោយគ្រោះទឹកជំនន់ នៅត្រង់ចំណុចអូរប៉ាជាន់ ស្ថិតក្នុងភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ។
លោក គៀង តុលា បានឱ្យដឹងទៀតថា នៅក្នុងរយៈពេលដែលកំពុងរុករកជនរងគ្រោះដែលបាត់នោះ អាជ្ញាធរខេត្តបានសហការជាមួយរដ្ឋបាលស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដើម្បីរុករកយ៉ាងណាឱ្យបានឃើញជនរងគ្រោះ ដើម្បីប្រគល់ជូនសាច់ញាតិ។
លោកអភិបាលស្រុល ថា ករណីនេះ ជាលើកទីមួយហើយ ព្រោះពុំដែលមានឧបទ្ទវហេតុនេះ កើតឡើងនៅក្នុងទឹកដីខេត្តរតនគិរីនោះទេ ហើយហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅវេលាយប់រំលងអធ្រាត្រ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ នៅត្រង់ចំណុចអូរប៉ាជាន់ ផ្ទះចាំចម្ការទុរេន ស្ថិតក្នុងភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ។
បើតាមលោកអភិបាលស្រុក ពលរដ្ឋ ២គ្រួសារ បានជួបឧបទ្ទវហេតុដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងហក់ឡើងយ៉ាងខ្លាំង ហូរមកបុកចំផ្ទះ បណ្តាលឱ្យប៉ើងចូលក្នុងទឹក ហើយមនុស្សដែលនៅក្នុងផ្ទះនោះ ក៏បានទឹកហូរកួវយកទៅបាត់ទាំងអស់ ហើយដើមឈើនៅក្បែរនោះ ក៏រលំហូរទៅតាមទឹកផងដែរ។
ដោយឡែក បើតាមលោក ប៉ា ប៊ុនថា អធិការរងទទួលផែនសណ្ដាប់ធ្នាប់ស្រុកអូរជុំ បានឱ្យដឹងថា ពលរដ្ឋ ២គ្រួសារដែលបានបាត់ខ្លួនដោយជំនន់ទឹកភ្លៀង មានសមាជិកសរុបចំនួន ៥នាក់ ក្នុងនោះ គ្រួសារទី១ មានពីរនាក់ ១. ឈ្មោះ ជុំ វ៉ាត់ ភេទប្រុស អាយុ៥៨ឆ្នាំ (បាត់ខ្លួន) និង២. ឈ្មោះ បាំ ឌឿន ភេទស្រី អាយុ៤៤ឆ្នាំ (បាត់ខ្លួន)។ គ្រួសារទីពីរ មានសមាជិកចំនួន ៣នាក់ ១. ឈ្មោះ រ៉ាត់ ជៀយ ភេទស្រី អាយុ៣១ឆ្នាំ (បាត់ខ្លួន) ២. ឈ្មោះ ភ័ក្ត្រ មុន ភេទប្រុស អាយុ០៧ឆ្នាំ (បាត់ខ្លួន) និង៣. ឈ្មោះ ភ័ក្ត្រ រេត អាយុ០១ឆ្នាំ (បាត់ខ្លួន) ហើយជនរងគ្រោះទាំង ៤នាក់នេះ ពួកគាត់ ជាជនជាតិដើមភាគតិចទំពួន។
លោក ប៉ា ប៊ុនថា បានបញ្ជាក់ទៀតថា នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ប្រជាពលរដ្ឋនៅភូមិខាងលើនេះ មានការភ្ញាក់ផ្អើល ដោយសារបានបាត់ផ្ទះប្រជាពលរដ្ឋនៅក្បែរអូរខាងលើនោះ ក្រោយមកក៏បានរាយការណ៍ជូនទៅសមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋាន។ ក្រោយពីបានដឹងព័ត៌មាននេះភ្លាម អាជ្ញាធរស្រុក កម្លាំងនគរបាលប៉ុស្តិ៍មូលដ្ឋាន ប្រជាការពារភូមិ និងប្រជាពលរដ្ឋនៅក្នុងភូមិ ក៏បាននាំគ្នាស្វែងរកជនរងគ្រោះទាំងពីរគ្រួសារនៅតាមដងអូរ ដោយក្នុងនោះ ក៏បានជួបប្រទះឃើញសាកសពជនរងគ្រោះម្នាក់ នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា នៅចម្ងាយពីផ្ទះរបស់ជនរងគ្រោះប្រមាណមួយគីឡូម៉ែត្រ។ ជនរងគ្រោះដែលបានរកឃើញនោះ ឈ្មោះ ជុំ វ៉ាត់ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិទំពួន។ ដោយឡែកមនុស្សទាំង ៤នាក់ផ្សេងទៀត នៅមិនទាន់បានរកឃើញនៅឡើយទេ មកទល់នឹងពេលនេះ៕
អត្ថបទ៖ ប៉េស សារី