សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ការធ្វើកំណែទម្រង់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីពង្រឹងប្រសិទ្ធភាពបម្រើប្រជាពលរដ្ឋរបស់តំណាងរាស្រ្ត និងសុខដុមនីយកម្មសាមគ្គីភាពស្ថាប័ន

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបក្នុងពិធីផ្សព្វផ្សាយ ស្តីពីវឌ្ឍភាពការងារ និងទិសដៅបន្ត នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការអនុវត្តប្រព័ន្ធសភាអេឡិចត្រូនិច (E-parliament) របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។
ថ្លែងក្នុងពិធីនោះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំធ្វើការកែទម្រង់និងទំនើបកម្មស្ថាប័នរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅក្នុងការផ្តល់សេវាជូនតំណាងរាស្រ្តឱ្យមានភាពងាយស្រួលក្នុងការបម្រើប្រជាពលរដ្ឋ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា៖ កំណែទម្រង់នៅកម្ពុជា បានអនុវត្តតំាងពីក្រោយឆ្នាំ១៩៧៩មក។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានចក្ខុវិស័យវែងឆ្ងាយនិងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់មក។ ចាប់ពីរាជរដ្ឋាភិបាល នីតិកាលទី១ រហូត ដល់បច្ចុប្បន្ន និងជាពិសេស ក្នុងយុទ្ធ
សាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាថ្នាក់ដឹកនាំបន្តវេន ប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ និងមានចក្ខុវិស័យច្បាស់លាស់ ក្នុងការឈានទៅកសាងប្រទេសកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់ (អភិវឌ្ឍន៍) នៅឆ្នាំ២០៥០។
សូមជម្រាបថា រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចរដ្ឋសភាធិប តី ឃួន សុដារី ប្រធានរដ្ឋសភា, អគ្គលេខាធិការដ្ឋានរដ្ឋសភា បានអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការធ្វើទំនើបកម្មនៃការអនុវត្តប្រព័ន្ធសភាអេឡិចត្រូនិច (E-parliament)យ៉ាងសកម្ម និងជាក់លាក់៕
អត្ថបទ៖ វង សុភ័ក្ត្រ




