ព័ត៌មានជាតិ

នៅទីបំផុត ការតវ៉ានៅក្រុមហ៊ុន បូវឃើរ បានឈានដល់ការសះជាចប់សព្វគ្រប់ ក្រោមការសម្របសម្រួលពីក្រសួងការងារ

image


ភ្នំពេញ៖ ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការតវ៉ានៅក្រុមហ៊ុន បូវឃើរ បានឈានដល់ការសះជាហើយ ដោយភាគីកម្មករចំនួន ៦៨នាក់ បានយល់ព្រមទទួលសំណងចំនួន ៤ចំណុចដើម្បីបញ្ចប់កិច្ចសន្យាការងារ កម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះចំនួន ៣នាក់ ចូលធ្វើការវិញនៅផ្នែកប៉ាក់ដដែល ហើយកម្មករ ២នាក់លំហែមាតុភាព ខណៈដែលកម្មករចំនួន ២នាក់ទៀតអវត្តមាន។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា៖ “នេះជាលទ្ធផលសះជា ដែលគូភាគីទាំងពីរបានយោគយល់គ្នាឈរលើជំហរឈ្នះៗទាំងសងខាងក្រោមការចុះអន្តរាគមន៍របស់ក្រសួងការងារយ៉ាងលឿនរហ័ស និងយកចិត្តទុកដាក់បំផុតពីក្រសួងក្នុងនាមជាអាណាព្យាបាលសម្របសម្រួលដោយឈរលើប្រយោជន៍រួមទាំងអស់គ្នា”។

អ្នកនាំពាក្យ បន្តថា តាមរយៈដំណោះស្រាយជាបន្តបន្ទាប់របស់ក្រសួងដែលលឿនរហ័សដូចក្នុងករណីនេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាល អាណត្តិទី៧ មិនដែលបណ្ដែតបណ្ដោយ ព្រងើយកន្តើយចំពោះបញ្ហារបស់កម្មករកម្មការិនី ក៏ដូចជានិយោជកនោះឡើយ។

សូមបញ្ជាក់ថា កម្មករចំនួន ៧៥នាក់ កាលពីថ្ងៃទី២៨ ខែកញ្ញា បានចេញឈរនៅខាងមុខក្រុមហ៊ុន តវ៉ាមិនសុខចិត្តបន្ទាប់ពីមានការផ្លាស់ប្តូរកម្មករចំនួន ៧៥នាក់នេះ ពីផ្នែកប៉ាក់ មកផ្នែកដេរវិញ ដោយសារផ្នែកប៉ាក់មិនមានការងារច្រើនដូចមុន។

ដើម្បីសម្របសម្រួលលើបញ្ហានេះ លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារជំនាញកម្រិតខ្ពស់របស់ក្រសួង ដោយធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ បានដោះស្រាយ និងសម្របសម្រួលបញ្ចប់បញ្ហានេះចប់សព្វគ្រប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។

ជាមួយនឹងករណីលើកនេះ និងករណីផ្សេងៗទៀត លោក ស៊ុន មេសា បានអំពាវនាវដល់កម្មករកម្មការិនី និងសាធារណជនទាំងអស់ បន្តជឿជាក់ និងទុកចិត្តមកលើក្រសួងការងារ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាល ដែលបាននិងបន្តយកចិត្តទុកដាក់ជាអាទិភាពចំពោះសុខទុក្ខរបស់កម្មករ៕