ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង បញ្ជាក់ពីការប្តេជ្ញារបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយអាម៉េរិក ដោយជំរុញឲ្យវិស័យឯកជន គោរពច្បាប់ដើមកំណើតទំនិញសម្រាប់នាំចេញទៅទីផ្សារអាម៉េរិក

image


ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រ ធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងពង្រីកឱកាសវិនិយោគជាមួយសហរដ្ឋអាម៉េរិក ដោយជំរុញឲ្យវិស័យឯកជន ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងបទបញ្ញាត្តិស្តីពីដើមកំណើតទំនិញសម្រាប់នាំចេញទៅទីផ្សារអាម៉េរិក។

ការថ្លែងបែបនេះរបស់អ្នកឧកញ៉ា គិត ម៉េង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រ ធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិ ការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) នៅក្នុងវេទិកាស្តីពី “វិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក” នាព្រឹកថ្ងៃទី ២ខែតុលា ឆ្នាំ២០២៥ នៅសាលាជាតិគយ និងរដ្ឋាករកម្ពុជា។

វេទិកានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងវត្តមាន ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

វេទិកានេះ ក៏មានការអញ្ជើញចូលពីវាគ្មិនកិត្តិយស ក្នុងកិច្ចពិភ្សារួមមាន ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា, ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សុខ ពិសិដ្ឋ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងមានការចូលរួមពីសភាពាណិជ្ជកម្មអាម៉េរិក (AmCham), សមាគមភស្តុភារកម្មកម្ពុជា (CLA), សមាគមសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា (MBCC), សមាគមផលិតគ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជា ជើងសាគយ រួមជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីពីក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ដែលមានសមាសភាពប្រមាណ ៣៤០រូប។

អ្នកឧកញ៉ា គិត ម៉េង វេទិកានេះ ជាវេទិកាដ៏មានតម្លៃខ្ពស់សម្រាប់ប្រមុខដឹកនាំរាជរដ្ឋាភិបាល អ្នកកំណត់គោលនយោបាយ សហគមន៍អាជីវកម្ម និងដៃគូ ក្នុងការផ្លាស់ប្ដូរទស្សនៈអំពីរបៀបដែលកម្ពុជា អាចឆ្លើយតបបានប្រសើរទៅនឹងបញ្ហាប្រឈមទាំងនេះ ខណៈពេលដំណើរការស្វែងរកឱកាសថ្មីៗ ដើម្បីទាក់ទាញវិនិយោគមានគុណភាពខ្ពស់ និងពង្រឹងទីតាំងពាណិជ្ជកម្មរបស់កម្ពុជា នៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក ដែលជាដៃគូសេដ្ឋកិច្ចដ៏ធំបំផុតមួយរបស់កម្ពុជា។

អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា៖ «ប្រទេសកម្ពុជា មានបំណងមុតមាំក្នុងការពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយសហរដ្ឋអាមេរិក តាមរយៈការជំរុញឱ្យមានការគោរពតាមបទប្បញ្ញត្តិ ការបង្កើនការនាំចេញ ការទាក់ទាញវិនិយោគ និងការផ្តល់អំណាចដល់សហគ្រាសតូច និងមធ្យម (SMEs) ដើម្បីសម្រេចបាននូវការលូតលាស់ និងរីកចម្រើន»។

អ្នកឧកញ៉ា ប្រធានមានទំនុកចិត្តថា តាមរយៈវេទិកានេះ នឹងជួយកំណត់ផ្លូវឆ្ពោះមុខឱ្យបានច្បាស់លាស់ ដែលនឹងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ប្រាកដថាបរិយាកាសពាណិជ្ជកម្មអនុវត្តតាមច្បាប់ និងមានប្រសិទ្ធភាពត្រូវបានធានា ហើយជំរុញកិច្ចសហប្រតិបត្តិការវិនិយោគប្រកបដោយចីរភាពជាមួយសហរដ្ឋអាម៉េរិក។

ជាមួយគ្នានេះ អ្នកឧកញ៉ា បានជំរុញឲ្យសមាគមភស្តុភាកម្មកម្ពុជា ត្រូវធ្វើការជាមួយសមាជិករបស់ខ្លួន ដើម្បីចូលរួមបង្ការ និងទប់ស្កាត់បទល្មើស បន្លំដើមកំណើតទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក តាមរយៈការយកកម្ពុជា ជាទីតាំងនៃការដឹកជញ្ជូនទំនិញឆ្លងកាត់ ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់ប្រទេស។

ឆ្លៀតក្នុងឱកាសនេះដែរ អ្នកឧកញ៉ាប្រធាន ក៏បានសម្តែងការអរគុណចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រាប់ភាពដឹកនាំដ៏ឈ្លាសវៃ និងការខិតខំប្រឹងប្រែងលះបង់ ជាពិសេសបានរួមចំណែកទទួលបានជោគជ័យថ្មីៗ ក្នុងការដោះស្រាយបញ្ហាពន្ធនាំចូលរបស់សហរដ្ឋអាម៉េរិកលើកម្ពុជា។ ក្រោមការដឹកនាំនេះ របស់រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយុទ្ធសាស្ត្រដ៏ឆ្លាតវៃ យុត្តិធម៌ និងការប្តេជ្ញាចិត្ត ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈមពាណិជ្ជកម្មដ៏ស្មុគស្មាញ ដើម្បីធានាឱ្យមានការលូតលាស់រីកចម្រើនសេដ្ឋកិច្ចកម្ពុជាបន្តរឹងមាំ និងការពង្រឹងភាពជាដៃគូអន្តរជាតិនានា។

ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំលឹកពីសាវតានៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក, តួលេខនៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក, និងសាវតានៃកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ដែលបានធ្វើឡើងជាបន្តបន្ទាប់ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី។ ដោយជាលទ្ធផល រដ្ឋបាលសហរដ្ឋអាម៉េរិកបានបញ្ចុះអត្រាពន្ធបដិការមកលើកម្ពុជានៅត្រឹម ១៩% ដែលជាអត្រាមួយអនុញ្ញាតឱ្យកម្ពុជារក្សាបាននូវភាពប្រកួតប្រជែងក្នុងការទាក់ទាញវិនិយោគ និងការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

ឯកឧត្តមបានបន្ថែមថា តាមរយៈការសហការគ្នារវាងភាគីពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល និងផ្នែកឯកជន យើងនឹងធានាបានថាកម្ពុជានៅតែរក្សាបាននូវអនុលោមភាព ភាពប្រកួតប្រជែង និងភាពទាក់ទាញសម្រាប់ វិនិយោគ និងពាណិជ្ជកម្ម។

សូមជម្រាបថា ការរៀបចំវេទិកាស្តីពី “វិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក” នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយអំពីច្បាប់ និងបទប្បញ្ញត្ដិជាធរមាន ដល់វិនិយោគិនក្នុងវិស័យឧស្សាហកម្មកែច្នៃនាំចេញទៅសហរដ្ឋអាម៉េរិក ដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់បទល្មើស បន្លំដើមកំណើតទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក៕

អត្ថបទ៖ សៀម ប៊ុនធី រូបភាព៖ លឹម មុនី និងអ៊ុន ផាន់ណាត