ព័ត៌មានជាតិ

រដ្ឋមន្ត្រីកិច្ចការនារី ច្រានចោលមតិរិះគន់ថា ការលើកកម្ពស់សមភាពយេនឌ័រ ធ្វើឱ្យអត្រាកំណើត នៅកម្ពុជា មានការថយចុះ

image


ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍បដិសេធ ចំពោះមតិដែលបានលើកឡើងថា កិច្ចការលើកកម្ពស់សមភាពយេនឌ័រ របស់ក្រសួងកិច្ចការនារី បានធ្វើឱ្យស្ត្រីលែងចង់យកកូនបន្តពូជ ដែលធ្វើឱ្យចំនួនអត្រាកំណើតថ្មី នៅក្នុងប្រទេសកម្ពុជា មានការថយចុះ។

មានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតី សាលាពិគ្រោះយោបល់បញ្ចប់ស្តីពី «គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ ក្រសួងកិច្ចការនារី», លោកស្រីរដ្ឋមន្ត្រីថា ក្រសួងកិច្ចការនារី កំពុងតែលើកកម្ពស់ និងជួយជំរុញឱ្យស្ត្រីគិតគូរទៅលើការយកកូន និងសុខភាពបន្តពូជ។ ប៉ុន្តែក្រសួងចង់ឱ្យស្ត្រី យកកូនដែលមានគុណភាព ពោលគឺឪពុកម្តាយ ត្រូវមានជីវភាពរស់នៅគ្រប់គ្រាន់ ដើម្បីជួយទ្រទ្រង់ចំពោះការអប់រំ និងសេវាសុខាភិបាលរបស់កូន។

លោកស្រី អ៉ឹង កន្ថាផាវី បន្តថា ក្រសួងកិច្ចការនារី ចង់ឱ្យស្ត្រីបន្តពូជ ដើម្បីបង្កើនអត្រាប្រជាជន ខណៈកម្ពុជា មានអត្រាប្រជាជនតិចនៅឡើយ បើធៀបនឹងប្រទេសជិតខាង។ ប៉ុន្តែក្រសួងមានតួនាទី ត្រូវជួយស្ត្រី ដោយសារតួនាទីរបស់ស្ត្រី មានការវិវឌ្ឍខ្លាំង ស្របទៅតាមការវិវឌ្ឍរបស់សង្គម ក៏មានការផ្លាស់ប្តូរខ្លាំង នោះគឺទាមទារឱ្យស្ត្រី ត្រូវចេញធ្វើការរកស៊ីផង និងធ្វើកិច្ចការផ្ទះផង ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ មិនអាចពឹងតែលើបុរសជាស្វាមីម្នាក់ឯងបានទេ។

ក្នុងន័យនេះ លោកស្រីរដ្ឋមន្ត្រីថា ស្ត្រីពិតជាចង់បានកូន ប៉ុន្តែបំណងរបស់គាត់ គឺចង់ឱ្យបរិស្ថាន នៅជុំវិញខ្លួនគាត់ ជួយដល់គាត់ផង នោះគឺនៅផ្ទះ សា្វមីត្រូវជួយកិច្ចការងារផ្ទះផង ហើយនៅក្រៅផ្ទះ ក៏គួរមានសេវាជួយដល់ស្ត្រីផងដែរ ដូចជា មានទារកដ្ឋាននៅតាមក្រសួងស្ថាប័ន និងនៅតាមផ្ទះ ដែលអាចជួយមើលថែកូនរបស់គាត់ នៅពេលស្ត្រីត្រូវចេញទៅធ្វើការរកស៊ី។

​សូមជម្រាបថា សាលាពិគ្រោះយោបល់បញ្ចប់ ស្តីពី«គោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ ក្រសួងកិច្ចការនារី រៀបចំឡើងក្នុងគោលបំណង៖ សិក្សាស្វែងយល់បន្ថែម លើគោលការណ៍ណែនាំរួម ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល និងឯកសារ លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងដើម្បីប្រមូលធាតុចូលបន្ថែម សម្រាប់បញ្ចប់ សេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងកិច្ចការនារី ដើម្បីឱ្យឯកសារនេះ មានភាពជាក់លាក់ និងគ្រប់ជ្រុងជ្រោយ តាមវិធាន និងនីតិវិធីហិរញ្ញវត្ថុ ផ្អែកលើលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕

អត្ថបទ៖ សន ពិសិដ្ឋ