ព័ត៌មានអន្តរជាតិ

កំពង់ផែ Chancay របស់ប៉េរូ ក្លាយជាមជ្ឈមណ្ឌលកណ្ដាលសម្រាប់បម្រើវិស័យពាណិជ្ជកម្មជាមួយតំបន់អាស៊ី

image


ប៉េរូ៖ កំពង់ផែឆេនខេ (Chancay) ក្នុងប្រទេសប៉េរូ ដែលសាងសង់ដោយក្រុមហ៊ុន China Ocean Shipping Company គ្រប់គ្រងដោយរដ្ឋចិន និងមួយផ្នែកជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Volcan របស់ប៉េរូ មានគោលបំណងក្លាយជាមជ្ឈមណ្ឌលកណ្ដាលសម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្មរវាងតំបន់អាម៉េរិកឡាទីន និងអាស៊ី ។

ចាប់តាំងពីបើកដំណើរការក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ កំពង់ផែនេះ បានបង្កើតផ្លូវដឹកជញ្ជូនត្រង់ប្រចាំសប្តាហ៍ទៅកាន់ប្រទេសចិន ដោយកាត់បន្ថយរយៈពេលធ្វើដំណើរមកនៅត្រឹម ២៣ថ្ងៃ (ធម្មតាត្រូវចំណាយពេលធ្វើដំណើរចន្លោះពី ៣០ ទៅ ៤០ថ្ងៃ) ខណៈដែលការចំណាយសម្រាប់ការនាំចេញ/នាំចូល មានភាពល្អប្រសើរជាងមុន ។

កំពង់ផែឆេនខេ (Chancay) គ្រប់គ្រងជាចម្បងលើការនាំចេញកសិផលរបស់ប្រទេសប៉េរូ ដូចជាផ្លែប៊្លូបឺរី និងផ្លែប័រ និងការនាំចូលពីប្រទេសចិនដូចជារថយន្ត និងទំនិញប្រើប្រាស់។ ប្រតិបត្តិការរបស់កំពង់ផែនេះ ក៏បានអនុញ្ញាតឱ្យប្រជាជនមកពីតំបន់ដីគោកឆ្ងាយៗអាចចូលរួមក្នុងសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចផងដែរ ។

កំពង់ផែនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ហើយបានបន្តផ្ដល់សារៈសំខាន់យ៉ាងច្រើន ខណៈការនាំចេញមួយចំនួនដែលធ្លាប់ទៅកាន់សហរដ្ឋអាម៉េរិក ឥឡូវនេះកំពុងតែផ្លាស់ប្ដូរដោយបញ្ជូនបន្តទៅកាន់តំបន់អាស៊ី។ មន្ត្រីប៉េរូ មើលឃើញថា ប្រទេសប៉េរូ ជាពិសេសកំពង់ផែឆេនខេ (Chancay) និងខាឡាវ (Callao) ជាចំណុចចូលដ៏សំខាន់សម្រាប់ដំណើរការនៃចរន្តទីផ្សារអាស៊ីចូលទៅក្នុងតំបន់អាម៉េរិកឡាទីន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Presidency of Peru/ Juanobandomuñoz, CC BY-SA 4.0 / Wikimedia/ BBC News