ព័ត៌មានអន្តរជាតិ

រុស្ស៊ី និយាយថា ឥណ្ឌា និងចិនគឺជាមជ្ឈមណ្ឌលដ៏មានឥទ្ធិពលបំផុតសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក

image


រុស្ស៊ី៖ លោក ឃីរីល ឌីមីទ្រី (Kirill Dmitriev) ដែលជាអ្នកជំនួញ និងជាជំនួយការផ្ដល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុដល់ប្រធានាធិបតីរុស្ស៊ី បានលើកឡើងថា «ប្រទេសឥណ្ឌា និងចិន» បច្ចុប្បន្ននេះ គឺជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក មិនមែនសហរដ្ឋអាម៉េរិកនោះទេ ។

លោកបានរៀបរាប់បន្ថែមទៀតថា «ការនិយាយមិនល្អអំពីឥណ្ឌា និងចិន នឹងធ្វើឱ្យជំហរអាម៉េរិកកាន់តែចុះខ្សោយនៅក្នុងក្រសែភ្នែករបស់អន្តរជាតិ ស្របពេលរុស្ស៊ីនឹងឈានជើងទៅពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងជាមួយប្រទេសទាំងពីរ»។ លោករំពឹងដែរថា រុស្ស៊ី ចិន និងឥណ្ឌា នឹងធ្វើការជាវិជ្ជមាន និងកាន់តែជិតស្និទ្ធជាមួយបណ្ដាប្រទេសនៅប៉ែកខាងត្បូងសកលលោក ។

លោកឌីមីទ្រី (Dmitriev) បានកត់សម្គាល់ថា សេដ្ឋកិច្ចរបស់រុស្ស៊ីមានភាពរឹងមាំ ជាមួយនឹងកំណើនដ៏ល្អ និងបំណុលទាបជាងបណ្តាប្រទេសលោកខាងលិច។ ជំហរដ៏រឹងមាំនេះ នឹងអនុញ្ញាតឱ្យរុស្ស៊ីបង្កើតភាពជាដៃគូជាមួយបណ្តាប្រទេសប៉ែកខាងត្បូងសកលលោក និងមានភាពជាដៃគូសូម្បីតែជាមួយរដ្ឋលោកខាងលិចមួយចំនួនថែមទៀតផង ។

គួររម្លឹកថា ការអត្ថាធិប្បាយខាងលើនេះ បានធ្វើឡើងនៅឯក្លឹបពិភាក្សាអន្តរជាតិវ៉លដៃ (Valdai) លើកទី ២២ នៅក្នុងទីក្រុងសូជី (Sochi) ប្រទេសរុស្ស៊ី ដែលបានចាប់ផ្តើមនៅចន្លោះថ្ងៃទី២៩ ខែកញ្ញា រហូតដល់ថ្ងៃទី ២ ខែតុលា ។

អ្នកចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ មានចំនួនប្រហែល ១៤០នាក់មកពី ៤២ប្រទេស រួមមាន អាល់ហ្សេរី ប្រេស៊ីល ចក្រភពអង់គ្លេស វេណេហ្ស៊ូអ៊ីឡា អាល្លឺម៉ង់ អេហ្ស៊ីប ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីរ៉ង់ ចិន កាហ្សាក់ស្ថាន ម៉ាឡេស៊ី អារ៉ាប់រួម ប៉ាគីស្ថាន សហរដ្ឋអាម៉េរិក អ៊ូសបេគីស្ថាន អេត្យូពី និងអាហ្វ្រិកខាងត្បូង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ The President/ Representational image on The Telegraphs Online/ Adobe Stock on US ASEAN Business Council.