ព័ត៌មានជាតិ

លោក ឃួង ស្រេង ណែនាំឱ្យអាជ្ញាធរខណ្ឌពោធិសែនជ័យ ជីកស្តារប្រឡាយក្នុងភូមិចាក់ជ្រូក និងក្នុងភូមិចំការឪឡឹក ដើម្បីរំដោះទឹក កុំឱ្យលិចលង់នៅតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងភូមិដ្ឋានប្រជាពលរដ្ឋ

image


ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែតុលាឆ្នាំ២០២៥ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យប្រឡាយនៅភូមិចាក់ជ្រូក សង្កាត់ចោមចៅទី៣ និងបន្តពិនិត្យមើលប្រឡាយចំការឪឡឹក ក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ដើម្បីជំរុញឱ្យអាជ្ញាធរខណ្ឌពោធិសែនជ័យ ធ្វើការស្តារប្រឡាយ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង នាភូមិដ្ឋានប្រជាពលរដ្ឋនៅតំបន់នេះ។

បើតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងឱកាសនៃការចុះពិនិត្យនោះ លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌពោធិសែនជ័យ ជីកស្តារប្រឡាយក្នុង ភូមិចាក់ជ្រូក និងស្តារប្រឡាយ ក្នុងភូមិចំការឪឡឹក ក្នុងសង្កាត់ចោមចៅទី៣ និងក្នុងសង្កាត់កាកាបទី២ សំដៅធ្វើយ៉ាងណារំដោះទឹក កុំឱ្យលិចលង់នៅតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពិសេសនៅតំបន់ដងនង្គ័ល។

ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធារណការរាជធានីភ្នំពេញ ចុះពិនិត្យ និងសិក្សាបន្ថែម ដើម្បីដាក់លូប្រអប់ នៅចំណុចផ្លូវឆ្លងកាត់។ ក្រោយការសិក្សាបានលម្អិតហើយ នៅរដូវប្រាំងខាងមុខនេះ ការដ្ឋានដាក់លូប្រអប់នេះ នឹងចាប់ផ្តើមការដ្ឋានតែម្តង៕