សេដ្ឋកិច្ច

៩ខែឆ្នាំ២០២៥នេះ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៥៤៦គម្រោង មានតម្លៃទុន ៧,៨ប៊ីលានដុល្លារ និងអាចបង្កើតការងារថ្មី ជាង ៣៧ម៉ឺនកន្លែង

image


ភ្នំពេញ៖ ក្នុងរយៈពេល ៩ខែនៃ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,៨ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២៣១គម្រោង ស្មើនឹងប្រមាណ ៧៣% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ គម្រោងទាំងនេះ ត្រូវបានគេរំពឹងថា នឹងអាចបង្កើតការងារប្រមាណ ៣៧,៦ម៉ឺនកន្លែង នៅទូទាំងប្រទេស។

ជាការកត់សម្គាល់ ត្រឹមតែរយៈពេល ៩ខែក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញ មួយឆ្នាំ២០២៤ រហូតដល់ទៅ ១៣២គម្រោង។

ដោយឡែក គ្រាន់តែក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៥៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៦៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៧ពាន់កន្លែង។

វិស័យឧស្សាហកម្ម បានទាក់ទាញការវិនិយោគប្រហែល ៥,៣ប៊ីលានដុល្លារអាម៉េរិក។ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងទៀតទទួលបាន ១,៩ពាន់លានដុល្លារអាម៉េរិក ខណៈវិស័យ កសិកម្ម និងកសិឧស្សាហកម្មទទួលបាន ៤០៥លានដុល្លារអាម៉េរិក និងទេសចរណ៍ ១៧៥ លានដុល្លារអាម៉េរិក។

ប្រទេសចិន បន្តនាំមុខគេក្នុងនាមជាអ្នកវិនិយោគធំជាងគេរបស់កម្ពុជា ដែលស្មើនឹង ៥២,៩៦% នៃការវិនិយោគសរុប។ ប្រភពសំខាន់ៗផ្សេងទៀតរួមមាន ប្រទេសកម្ពុជា (៣០,១៥%) សិង្ហបុរី (៦,៩៣%) វៀតណាម (៥,២៤%) កោះ British Virgin (២,០១%) ចក្រភពអង់គ្លេស (០,៦៣%) កោះ Cayman (០,៥១%) កោះ Samoa (០,៤២%) Burmuda (០,៣៣%) និងសហរដ្ឋអាម៉េរិក (០,២៩%)។

ចំណែករាជធានី-ខេត្ត ទាំង ៥ ដែលទាក់ទាញគម្រោងច្រើនជាងគេ គឺខេត្តកំពង់ស្ពឺ មាន ១២៥គម្រោង តាមពីក្រោយដោយខេត្តស្វាយរៀង មាន ១២២គម្រោង រាជធានីភ្នំពេញ មាន ៦៥គម្រោង តាកែវ ៥៩គម្រោង និងកោះកុង ៤៦គម្រោង៕