ព័ត៌មានអន្តរជាតិ

ប្រធានគណៈកម្មការអឺរ៉ុប៖ គ្មានការរឹបអូសទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ដើម្បីផ្ដល់ប្រាក់កម្ចីដល់អ៊ុយក្រែននោះទេ

image


អឺរ៉ុប៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ើស៊ូឡា វ៉ុនដឺឡេយ៉េន (Ursula von der Leyen) បានមានប្រសាសន៍កាលពីថ្ងៃពុធថា «ផែនការផ្ដល់កម្ចីថ្មីចំនួន ១៤០ ពាន់លានអឺរ៉ូដើម្បីជួយអ៊ុយក្រែន មិនពាក់ព័ន្ធនឹងការរឹបអូសយកទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីនោះទេ។ ផ្ទុយទៅវិញ ប្រាក់ទាំងនោះ នឹងដើរតួនាទីជាប្រាក់កម្ចីដល់អ៊ុយក្រែន ដែលអ៊ុយក្រែននឹងត្រូវសងសហភាពអឺរ៉ុបវិញនៅពេលក្រោយ ឬនៅពេលរុស្ស៊ីផ្តល់សំណងណាមួយ» ។

ទោះជាបែបណាក្ដី អ្នកជំនាញសហភាពអឺរ៉ុបមួយចំនួន មិនប្រាកដនោះទេថា តើវិធីសាស្ត្រនេះស្របច្បាប់ដែរឬទេ ហើយបារម្ភថា វាអាចនឹងប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន ។

ផែនការខាងលើនេះ នឹងមានការផ្ទេរសាច់ប្រាក់ពីទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីដែលជាប់គាំងនៅបែលហ្ស៊ិកទៅកាន់សហភាពអឺរ៉ុប ដោយបន្ទាប់មកនឹងផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែន ខណៈដែលពីមុនមានតែការប្រាក់ពីទ្រព្យសម្បត្តិបង្កកប៉ុណ្ណោះដែលត្រូវបានប្រើប្រាស់ ។

ទន្ទឹមនឹងនោះ អ្នករិះគន់ និយាយថា បើគ្មានសំណងពីរុស្ស៊ីទេ ផែនការនេះអាចមើលទៅហាក់ដូចជាការរឹបអូសលុយរបស់ប្រទេសមួយផ្សេងទៀត ដែលមេដឹកនាំសហភាពអឺរ៉ុបជាច្រើនបានហៅថាខុសច្បាប់ ខណៈដែលរុស្ស៊ី បានធ្វើការប្រឆាំងយ៉ាងខ្លាំងចំពោះគំនិតនេះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Thomas Traasdahl/ Ritzau Scanpix via AP/ Shutter Stock/ Cosmos Chronicle.