គ្រោះរញ្ជួយដីកម្រិត ៦.១ និង ៦.៥រ៉ិចទ័រ វាយប្រហារតំបន់ចំនួនពីរក្នុងប្រទេសឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ គ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ បានវាយប្រហារកោះសេពូឌី (Sepudi) ខេត្តកោះជ្វាខាងកើត កាលពីម៉ោង ២៣៖៤៩នាទីយប់ថ្ងៃអង្គារ ដោយបានបំផ្លាញផ្ទះយ៉ាងហោចណាស់ ១៤៨ខ្នង សាលារៀន៨ខ្នង និងវិហារអ៊ីស្លាមចំនួនពីរកន្លែង ។
អ្នកស្រុកជាច្រើននាក់បាននាំគ្នារត់ចេញពីផ្ទះដើម្បីសុវត្ថិភាព ខណៈដំបូលផ្ទះបានបាក់ និងអគារបានដួលរលំ ប៉ុន្តែមិនមានរបាយការណ៍អំពីអ្នកស្លាប់ឬរងរបួសនោះទេ។ អាជ្ញាធរ បានចេញការព្រមានអំពីរលកយក្សស៊ូណាមិក្នុងរយៈពេលខ្លី រួមទាំងមានការកាត់ផ្ដាច់ថាមពលនៅក្នុងវិធានការដើម្បីបង្កាគ្រោះថ្នាក់ផ្សេងៗ ។
អាជ្ញាធរមូលដ្ឋាន និយាយថា ខ្លួនកំពុងប្រមូលទិន្នន័យពីភូមិនានា ហើយចំនួនអគារដែលខូចខាតអាចកើនឡើង។ អ្នកស្រុក លើកឡើងថា ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង ហើយប្រញាប់ប្រញាល់រត់ចេញពីផ្ទះនៅពេលគ្រោះរញ្ជួយដីចាប់ផ្ដើមវាយប្រហារ ។
ក្រោយមក នៅល្ងាចថ្ងៃពុធ គ្រោះរញ្ជួយដីមួយផ្សេងទៀតដែលមានកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរសមុទ្រក្នុងខេត្តម៉ាលូគូ (Maluku) ក្នុងជម្រៅ១៣៣គីឡូម៉ែត្រ ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ណាមួយពាក់ព័ន្ធនឹងការស្លាប់ ឬការខូចខាតដែលបណ្ដាលមកពីគ្រោះមហន្តរាយធម្មជាតិខាងលើនេះទេ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ Reuters| រូបភាព-Photo៖ Viory/ Adobe Stock/ Screenshots from Google Map.



