ព័ត៌មានអន្តរជាតិ

ទូករបស់ក្រុមដឹកជំនួយ Global Sumud Flotilla ទៅតំបន់ហ្គាហ្សា ត្រូវអ៊ីស្រាអ៊ែលស្ទាក់ចាប់កណ្ដាលផ្លូវ

image

អ៊ីស្រាអ៊ែល៖ សមាជិកនៃកងទ័ពជើងទឹកអ៊ីស្រាអ៊ែល កាលពីថ្ងៃពុធ បានធ្វើការស្ទាក់ចាប់ទូក គ្លូបលស៊ូមុដផ្លូធីឡា (Global Sumud Flotilla) ជាក្រុមទូករបស់សកម្មជនជាមួយនឹងជំនួយមនុស្សធម៌ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ហ្គាហ្សា ។

នៅក្នុងវីដេអូ បានបង្ហាញអំពីសកម្មភាពរបស់ទាហានជើងទឹកអ៊ីស្រាអ៊ែល បាននាំគ្នាចូលទៅក្នុងទូកដឹកសកម្មជន ដោយចាប់ឃាត់ខ្លួនសមាជិកនាវិក និងបិទកាមេរ៉ាសុវត្ថិភាពនៅក្នុងទូក។ យ៉ាងហោចណាស់ទូកចំនួន ១៣ គ្រឿងត្រូវបានរឹបអូស ក្នុងនោះមានទូកមួយគ្រឿងដឹកសកម្មជនស៊ុយអែត Greta Thunberg (ដែលត្រូវអ៊ីស្រាអ៊ែលចាប់ឃាត់ខ្លួនជាមួយនាវិកផ្សេងទៀត) ។

មុនរឿងហេតុនេះកើតឡើង ក្រុមទូកដឹកសកម្មជនជាមួយជំនួយ ធ្លាប់និយាយថា ខ្លួនប៉ាន់ស្មានថា អាចនឹងមានការស្ទាក់ចាប់ណាមួយ ខណៈទូកនេះចូលទៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ក្នុងចម្ងាយប្រហែល ១៥០ ម៉ាយ (ឬប្រមាណជា ២៧៨គីឡូម៉ែត្រ) ពីតំបន់ហ្គាហ្សា ។

ដោយឡែក អាជ្ញាធរអ៊ីស្រាអ៊ែល បានចេញមុខបញ្ជាក់ថា ទូកទាំងនោះ ត្រូវបានបញ្ឈប់ និងស្ថិតក្រោមការគ្រប់គ្រងដោយសុវត្ថិភាព ហើយក្រុមនាវិកត្រូវកងកម្លាំងនាំទៅកាន់កំពង់ផែរបស់អ៊ីស្រាអ៊ែល ។

ក្រៅពីនេះ ទូកប្រហែល ៣០ ផ្សេងទៀតកំពុងបន្តដំណើរឆ្ពោះទៅតំបន់ហ្គាហ្សា។ គោលដៅរបស់ពួកគេ គឺដើម្បីផ្តល់ជំនួយ និងតស៊ូចែកចាយជំនួយអំឡុងការរារាំងរបស់អ៊ីស្រាអ៊ែល ប៉ុន្តែអ៊ីស្រាអ៊ែលបានព្រមានថា ការប៉ុនប៉ងដោយគ្មានការអនុញ្ញាតដើម្បីប្រឆាំងនឹងវិធានការរារាំងនេះគឺខុសច្បាប់ទាំងស្រុង ហើយធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ ប្រឈមនឹងហានិភ័យ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព-Photo៖ Global Sumud Flotilla/Handout via REUTERS/ Nacho Doce via REUTERS.