ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បើកការពិគ្រោះយោបល់ លើសេចក្តីព្រាងគោលនយោបាយក្លោដអាទិភាព ដើម្បីពន្លឿនការធ្វើបរិវត្តកម្មឌីជីថល

image

ភ្នំពេញ៖ នៅថ្ងៃទី២ ខែតុលានេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយក្លោដអាទិភាព” ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន តំណាងវិស័យអប់រំ និងវិស័យឯកជន ប្រមាណ ១៥០រូប។ 

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្លោដ បានក្លាយជាបច្ចេកវិទ្យាគ្រឹះមួយដែលមិនអាចខ្វះបានដើម្បីពន្លឿនការធ្វើបរិវត្តកម្មឌីជីថលទាំងក្នុងវិស័យសាធារណៈនិងវិស័យឯកជន។ ដូច្នេះហើយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តោតលើការជំរុញបច្ចេកវិទ្យានេះ ទាំងផ្នែកបច្ចេកទេស ការអភិវឌ្ឍធនធានមនុស្ស និងឯកសារគោលនយោបាយ។ 

លោករដ្ឋមន្ត្រី បន្តថាសេចក្តីព្រាងគោលនយោបាយក្លោដអាទិភាព ដែលបាននិងកំពុងរៀបចំនេះ គឺស្របតាមនិន្នាការតំបន់ អាស៊ាន និងអន្តរជាតិ ដោយផ្សារភ្ជាប់នឹងបរិបទកម្ពុជា។ គោលនយោបាយនេះ នឹងរំលេចអំពីយន្តការអនុវត្ត ការសាងសមត្ថភាព និងការគ្រប់គ្រងហានិភ័យ ដែលនឹងជំរុញក្រសួង ស្ថាប័ន ឱ្យចាប់យកបច្ចេកវិទ្យាក្លោដមកប្រើប្រាស់ក្នុងស្ថាប័នរបស់ខ្លួន។ 

ជាមួយគ្នានេះដែរ ក្រុមការងាររៀបចំ បានសិក្សាពីតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យានេះពីក្រសួងស្ថាប័នជាតិ ក្រុមហ៊ុនបច្ចេកវិទ្យា ព្រមទាំងបានសិក្សាលើឯកសារនានារបស់ស្ថាប័នអន្តរជាតិ ជាអាទិ៍ អាស៊ាន ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុនបច្ចេកវិទ្យាល្បី ជាដើម ដើម្បីធ្វើឱ្យសេចក្តីព្រាងគោលនយោបាយនេះកាន់តែគ្រប់ជ្រុងជ្រោយ។

លោករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ អង្គសិក្ខាសាលាទាំងមូលខិតខំឈ្វេងយល់ ចែករំលែកបទពិសោធ និងពិភាក្សាផ្លាស់ប្តូរយោបល់លើប្រធានបទទាំងអស់នៅក្នុងកិច្ចពិភាក្សា ដើម្បីបង្កើនចំណេះដឹងក្នុងការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សំដៅគាំទ្រដល់ដំណើរការបរិវត្តកម្មឌីជីថលពេញលេញនៅកម្ពុជា៕