មានករណីបាក់ស្រុតផ្លូវ បង្កើតជារណ្ដៅប្រវែង ១០ម៉ែត្រក្នុងក្រុងឈុនបុរី ប្រទេសថៃ

ថៃឡង់ដ៍៖ មានករណីបាក់ស្រុតផ្លូវនៅលើកំណាត់ផ្លូវ Hara Don-Khlong Kapi ក្នុងទីក្រុងឈុនបុរី ខេត្តឈុនបុរី ប្រទេសថៃ កាលពីម៉ោង ១រសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ដោយបង្កើតជារណ្ដៅជម្រៅជាង៣ម៉ែត្រ បណ្តោយ១០ម៉ែត្រ និងទទឹង៦ម៉ែត្រ នៅក្បែរស្ពានមួយកន្លែង ។
ករណីបាក់ស្រុតផ្លូវនេះ ក៏បានធ្វើឱ្យខូចខាតជញ្ជាំងអន្តេវាសិកដ្ឋាន និងផ្អៀងបង្គោលអគ្គិសនីមួយដើមនៅក្បែរនោះ។ អ្នកស្រុក និយាយថា ផ្លូវនេះមានសញ្ញាបាក់ស្រុតតាំងពីមួយថ្ងៃមុនមកម្លេះ ។
មន្ត្រីជំនាញបានចុះត្រួតពិនិត្យទីកន្លែងនោះ ហើយបានបញ្ជាក់ថា ឧបទ្ទវហេតុខាងលើ បណ្ដាលមកពីទឹកហូរច្រោះក្រោមស្ពានអស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតបណ្ដាលឱ្យមានសំណឹកដីមុននឹងមានការបាក់ស្រុតនេះកើតឡើង ។
ឥឡូវនេះ អ្នកម៉ៅការកំពុងធ្វើការចាក់ដីខ្សាច់មុនពេលស្ថាបនាផ្លូវឡើងវិញ ហើយការជួសជុលនេះ ទំនងជានឹងត្រូវចំណាយពេលប្រមាណជា ៣០ថ្ងៃ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Khaosod English via Facebook Smeyy | រូបភាព-Photo៖ Khaosod English


