រដ្ឋមន្ត្រី ហែម វណ្ណឌី៖ កម្ពុជាត្រូវតែបញ្ចូលថាមពលស្អាតទៅក្នុងគ្រប់រោងចក្រ គ្រប់ខ្សែសង្វាក់ផ្គត់ផ្គង់ និងរាល់គោលនយោបាយឧស្សាហកម្ម នាពេលអនាគត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លោក ហែម វណ្ណឌី បានលើកឡើងនៅក្នុងវេទិកាសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៥ នាថ្ងៃទី ២ខែតុលានេះថា ដើម្បីរក្សាការប្រកួតប្រជែងសេដ្ឋកិច្ច កម្ពុជាត្រូវតែបញ្ចូលថាមពលស្អាតទៅក្នុងគ្រប់រោងចក្រ គ្រប់ខ្សែសង្វាក់ផ្គត់ផ្គង់ និងរាល់គោលនយោបាយឧស្សាហកម្ម នាពេលអនាគត ខណៈកម្ពុជា កំពុងផ្តោតលើការពង្រីកប្រភពថាមពលកកើតឡើងវិញ ដូចជា វារីអគ្គិសនី ថាមពលព្រះអាទិត្យ ថាមពលខ្យល់ និងជីវម៉ាស ជាមួយនឹងគោលដៅឈានដល់ ៧០% នៅឆ្នាំ២០៣០។
លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានបញ្ជាក់ថា៖ "យើងនឹងស្វែងយល់ពីរបៀបដែលថាមពលស្អាត អាចជំរុញការប្រកួតប្រជែងសេដ្ឋកិច្ចរបស់ប្រទេសយើង តាមរយៈការធ្វើទំនើបកម្មឧស្សាហកម្ម និងការច្នៃប្រឌិតប្រកបដោយនិរន្តរភាព។ មហិច្ឆតាថាមពលស្អាតរបស់យើងមិនគ្រាន់តែនិយាយអំពីការគ្រប់គ្រងបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសយុទ្ធសាស្ត្រ ដើម្បីធានាដល់សេដ្ឋកិច្ចរបស់យើងនៅក្នុងទីផ្សារពិភពលោកផងដែរ។"
លោករដ្ឋមន្ត្រី បន្តថា៖ "យើងរស់នៅក្នុងយុគសម័យនៃឌីជីថលភាវូបនីយកម្មយ៉ាងឆាប់រហ័ស និងការផ្លាស់ប្តូរជាសកលនៃការប្រែប្រួលអាកាសធាតុនៅតែជាបញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាប្រឈមបំផុត ដែលថាមពលគឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់យើង។ ឧស្សាហកម្មរបស់យើងកំពុងរីកចម្រើនតម្រូវការបច្ចេកវិទ្យារបស់យើងកំពុងកើនឡើង ហើយប្រជាជនរបស់យើងកំពុងប្រាថ្នាចង់សម្រេចបាននូវគុណភាពជីវិតកាន់តែខ្ពស់។ ដូច្នេះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្តេជ្ញាជំរុញបញ្ចូលថាមពលស្អាតទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម ដោយធានាថា ឧស្សាហកម្មរបស់កម្ពុជាត្រៀមខ្លួនរួចជាស្រេចនាពេលអនាគត និងមានការប្រកួតប្រជែងជាសកល។"
លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា៖ "ថាមពលស្អាតគឺជាកត្តាជំរុញដោយផ្ទាល់នៃការប្រកួតប្រជែងហេីយការមានថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងថាមពលខ្យល់ ដែលអាចជឿទុកចិត្តបាន នឹងកាត់បន្ថយការចំណាយប្រតិបត្តិការសម្រាប់រោងចក្រ និងក្រុមហ៊ុនផលិត ដែលធ្វើឲ្យផលិតផល "Made in Cambodia" កាន់តែមានភាពទាក់ទាញនៅក្នុងទីផ្សារម៉ាកយីហោពិភពលោក។”
លើសពីនេះ ការប្រែប្រួលនៃតម្លៃឥន្ធនៈហ្វូស៊ីល និងធានាថា វិស័យឧស្សាហកម្មរបស់កម្ពុជា មានភាពធន់ ដែលយើងបានឃើញភស្តុតាងនៃគំនិតដ៏មានឥទ្ធិពលតាមរយៈគំនិតផ្តួចផ្តើមដូចជាពានរង្វាន់ឧស្សាហកម្មបៃតងដែលគាំទ្រដោយ UNIDO និងកម្មវិធីរោងចក្របៃតងគំរូក្រោមគម្រោង SWITCH Garment របស់សហភាពអឺរ៉ុប។ កម្មវិធីទាំងនេះ បានបង្ហាញពីរបៀបដែលប្រសិទ្ធភាពធនធាន និងការអនុវត្តប្រកបដោយនិរន្តរភាពមិនត្រឹមតែល្អសម្រាប់ភពផែនដីប៉ុណ្ណោះទេ ប៉ុន្តែល្អសម្រាប់អាជីវកម្មបង្កើនផលិតភាពនៅក្នុងទីផ្សារ។
លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅយ៉ាងរឹងមាំ គឺបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញឲ្យបាន ៧០% កាត់បន្ថយការប្រើប្រាស់ថាមពលឥន្ធនៈប្រមាណ ១៩% តាមរយៈប្រសិទ្ធភាពថាមពលដោយបង្កើនចំនួនយានយន្តអគ្គិសនីឲ្យបាន ៧៧ម៉ឺនគ្រឿង លើដងផ្លូវនៅត្រឹមឆ្នាំ២០៣០។
លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លើកឡើងថា បច្ចុប្បន្ននេះ ទីភ្នាក់ងារថាមពលអន្តរជាតិ បានប៉ាន់ប្រមាណថា ទីផ្សារពិភពលោកសម្រាប់បច្ចេកវិទ្យាថាមពលស្អាត បានកើនឡើងពី ៧០០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដល់ជាង ២ទ្រីលានដុល្លារនៅឆ្នាំ២០៣៥ ខណៈកម្ពុជាអាចពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការធ្វើឲ្យប្រសើរឡើងនូវស្ថេរភាពថាមពល កាត់បន្ថយតម្លៃ និងទាក់ទាញការវិនិយោគប្រកបដោយទំនួលខុសត្រូវ។
លោកឯកអគ្គរដ្ឋទូត បានបន្តថា ថាមពលស្អាតពង្រឹងឧស្សាហកម្មដែលមានស្រាប់របស់កម្ពុជា ដូចជាវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ព្រមទាំងទាក់ទាញការវិនិយោគថ្មីរាប់លានដុល្លារនៅក្នុងឧស្សាហកម្ម ដែលពឹងផ្អែកលើថាមពលនិងបច្ចេកវិទ្យាស្អាត។ សប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៥ នឹងជំរុញវឌ្ឍនភាពនេះ ដោយអនុញ្ញាតឱ្យភាគីពាក់ព័ន្ធចែករំលែកគំនិតថ្មីៗ ពិភាក្សាអំពីដំណោះស្រាយគោលនយោបាយ និងការបង្កើតកិច្ចសហប្រតិបត្តិការបន្ថែម៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ អេង សុគុណ








