គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ញ្ញត្តិបន្ទាន់លើកទី២ ទៅUN ជំរុញឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង ១៨នាក់ ដែលថៃឃុំខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ញ្ញត្តិបន្ទាន់លើកទី២ ដេីម្បីជំរុញឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង ១៨នាក់ ដែលថៃឃុំខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់។
ក្នុងលិខិតរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ជូនចំពោះ លោក Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស, ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), វិមានប្រជាជាតិ (Palais des Nations), CH-1211 ហ្សឺណែវ ១០ ប្រទេសស្វីស។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់សាជាថ្មីចំពោះញត្តិបន្ទាន់របស់ គ.ស.ម.ក. ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការឃុំខ្លួនដោយខុសច្បាប់ ការប្រព្រឹត្តមិនគប្បី និងការធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាតែចំនួន ២នាក់ ត្រលប់មកវិញ ក្នុងចំណោម ២០នាក់ ដោយយោធាថៃ។ គិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ គឺមានរយៈ ៦៥ថ្ងៃហើយ ដែលកងទ័ពកម្ពុជាចំនួន ១៨នាក់ ត្រូវបានឃុំខ្លួនដោយយោធាថៃ ក្រោយពីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃចូលជាធរមាននៅពាក់កណ្តាលយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
គ.ស.ម.ក. មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារការបន្តរការឃុំខ្លួនដោយខុសច្បាប់នេះ បាននាំឱ្យមានការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន ការហាមឃាត់ការឃុំខ្លួនតាមទំនើងចិត្ត ដោយសិន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗ។ ក្រុមគ្រួសាររបស់កងទ័ពកម្ពុជាទាំង ១៨នាក់ ដែលត្រូវបានឃុំខ្លួន កំពុងទទួលរងនូវភាពសោកសៅ។ ពេលវេលាកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃដោយគ្មានដំណឹងពីមនុស្សជាទីស្រឡាញ់របស់ខ្លួន នាំឱ្យពួកគាត់មានការឈឺចាប់ ភ័យខ្លាច និងទុក្ខព្រួយក្នុងចិត្តជានិច្ច។ ម្តាយ ឪពុក ប្រពន្ធ និងកូនៗពួកគាត់កំពុងទទួលរងនូវភាពទុក្ខព្រួយមិនអាចសម្រាន្តលក់ និងព្រួយបារម្ភគ្រប់ពេល ព្រោះមិនដឹងឱ្យប្រាកដថា មនុស្សជាទីស្រឡាញ់របស់ខ្លួនមានសុវត្ថិភាព នៅមានជីវិត ឬការប្រព្រឹត្តដោយមនុស្សធម៌ ឬយ៉ាងណា។ សំឡេងសាមគ្គីភាពរបស់ពួកគាត់បង្កើតឱ្យមានកិច្ចអន្តរាគមន៍បន្ទាន់សម្រាប់ក្តីមេត្តា ភាពយុត្តិធម៌ និងការយកចិត្តទុកដាក់របស់លោកដើម្បីធានាឱ្យមានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង ១៨រូប ដោយសុវត្ថិភាព។
អាស្រ័យហេតុនេះ គ.ស.ម.ក. ស្នេីសុំការិយាល័យឧត្តមស្នងការអង្គការសហាប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដែលមានអាណត្តិក្នុងការលើកកកម្ពស់ និងការការពារសិទ្ធិមនុស្ស ទំនាក់ទំនងជាបន្ទាន់ជាមួយនឹងរាជរាដ្ឋាភិបាលប្រទេសថៃ ដើម្បីធានាដល់ការដោះលែងដោយឥតលក្ខខណ្ឌ និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង ១៨នាក់ ស្របតាមច្បាប់អន្តរជាតិ។
គ.ស.ម.ក. បានគូសបញ្ជាក់ថា កង្វះខាតសកម្មភាពជាក់ស្តែង និងទាន់ពេលវេលា អាចនឹងត្រូវបកស្រាយថា ជា ការយល់ស្រប ឬការព្រងើយកន្តើយចំពោះការរំលោភបំពានសិទ្ធិមនុស្សអន្តរជាតិ និងសិទ្ធិមនុស្សធម៌អន្តរជាតិ។ ភាពអសកម្មភាពនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងខូចកិត្តិយសរបស់កងទ័ពកម្ពុជានោះទេ ថែមទាំងបង្កើតគម្រូអាក្រក់ចំពោះការរួចផុតពីទោសទណ្ឌ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រសិទ្ធិភាពនៃប្រព័ន្ធការពារសិទ្ធិមនុស្ស អន្តរជាតិចុះខ្សោយ ផងដែរ។
ហេតុដូចនេះ សូមជំរុញឱ្យ OHCHR ដោះស្រាយបញ្ហានេះជាបន្ទាន់ ហើយគាំទ្រកម្ពុជាក្នុងការស្នើឱ្យមានការទទួលខុសត្រូវចំពោះការរំលោភបំពានទាំងនេះ។ គ.ស.ម.ក. មានក្តីរំពឹងលើការចូលរួមរបស់លោកក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស ច្បាប់មនុស្សធម៌អន្តរជាតិ និងយុត្តិធម៌សម្រាប់ជនរងគ្រោះ នៃអំពើខុសច្បាប់បែបនេះ៕




