អាជ្ញាធរខេត្តកំពង់ស្ពឺ បានបញ្ចប់ទំនាស់ដីធ្លីរ៉ាំរ៉ៃជាង១៥ឆ្នាំ រវាងពលរដ្ឋ ៣៨គ្រួសារ ជាមួយមន្ត្រីយោធាដ៏មានឥទ្ធិពលម្នាក់ ក្រោមនយោបាយ ឈ្នះ-ឈ្នះ

កំពង់ស្ពឺ៖ ទំនាស់ដីធ្លីរ៉ាំរ៉ៃអូសបន្លាយជាង ១៥ឆ្នាំ រវាងពលរដ្ឋ ៣៨គ្រួសារ ជាមួយមន្ត្រីយោធាដ៏មានឥទ្ធិពលម្នាក់លើផ្ទៃដីប្រមាណជាង ៥០ហិកតា ស្ថិតក្នុងភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺលើកមកដោះស្រាយឈានដល់ការបញ្ចប់វិវាទ ក្រោមនយោបាយ ឈ្នះ-ឈ្នះ។
លោក ជេត ដុំ នាយករងរដ្ឋបាល នៃសាលាខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ថា ពលរដ្ឋ៣៨គ្រួសារ តំណាងដោយលោកស្រី ឆាយ វីនីតា លោកស្រី យូ រ៉ន និងលោក ជន មឿន បានប្តឹងមន្ត្រីយោធាម្នាក់គឺ លោក ទូច សុភ័ក្ត្រ ទៅគ្រប់សមត្ថកិច្ចពាក់ព័ន្ធតាំងពីថ្នាក់មូលដ្ឋានភូមិ ឃុំ ស្រុក ខេត្ត តុលាការពិសេសក្រសួងនានារួមទាំងរាជរដ្ឋាភិបាល ថាបានរំលោភយកដីពួកគាត់ជាង ៥០ហិកតាដោយមិនឱ្យអាស្រ័យផលអ្វីបានឡើយ។ តែការដំណើរការដោះស្រាយនេះ គណៈកម្មការដោះស្រាយលើកយកតែទំនាស់រវាងលោកស្រី យូ រ៉ន លោក ជន មឿន ជាមួយលោក ទូច សុភក្ត្រ័ មកដំណើរការប៉ុណ្ណោះ ទុកករណីលោកស្រី ឆាយ វីនីតា ជាមួយលោក ទូច សុភ័ក្ត្រ ដោះស្រាយនៅពេលក្រោយ។ ករណីនេះត្រូវបានអាជ្ញាធរមូលដ្ឋាន ខេត្ត តុលាការគ្រប់ថ្នាក់ ក្រសួងលើកមកដោះស្រាយជាបន្តបន្ទាប់ តែមិនអាចបញ្ចប់បានឡើយដោយភាគីទាំងពីរបានទទួលយកលទ្ធផលនៃការដោះស្រាយ ហើយបន្តប្តឹងផ្តល់ និងសុំការអន្តរាគមន៍ទៅគ្រប់ភាគីពាក់ព័ន្ធដែលគិតមកទល់ពេលនេះអូសបន្លាយជាង ១៥ឆ្នាំ។
លោក ជេត ដុំ បានបន្តថា ក្នុងដំណើរការដោះស្រាយរឿងក្តីនេះដែរ បានធ្វើឱ្យសមាសភាពភាគីពាក់ព័ន្ធខ្លះត្រូវបានអនុវត្តច្បាប់ឱ្យជាប់គុក ជាប់ច្រវ៉ាក់ និងមានកិច្ចអន្តរាគមន៍ជាបន្តបន្ទាប់។ ដោយមើលឃើញពីការអូសបន្លាយច្រើនឆ្នាំ និងចង់បញ្ចប់វិវាទជូនពលរដ្ឋ អភិបាលខេត្តកំពង់ស្ពឺលោក ជាម ចន្ទ័សោភ័ណ បានចាត់តាំងលោកដឹកនាំកិច្ចប្រជុំដោះស្រាយលើករណីវិវាទដីធ្លីរ៉ាំរ៉ៃនេះដោយអនុវត្តតាមគោលនយោបាយ ឈ្នះឈ្នះ និងមិនមានការចំណាយធនធានប្រាក់កាស។ ភាគីទាំងពីរគឺលោកស្រី យូ រ៉ន លោក ជន មឿន និងលោក ទូច សុភ័ក្ត្រ ក៏បានយល់ព្រម និងទទួលយកការដោះស្រាយបញ្ចប់វិវាទដោយស្នាមញញឹម។
ទន្ទឹមនឹងការដោះស្រាយបញ្ចប់នោះដែរ លោក ជេត ដុំ នាយករងរដ្ឋបាលខេត្តកំពង់ស្ពឺក៏បានបញ្ជាក់ផងដែរថា ក្រោយមានការឯកភាពទទួលយក សមត្ថកិច្ចជំនាញសុរិយោដី និងពន្លឿនការចេញប្លង់ជូនពួកគាត់ដើម្បីបញ្ជាក់សិទ្ធិកាន់កាប់ស្របច្បាប់ និងការប្រើប្រាស់តាមតម្រូវការ៕
អត្ថបទ៖ ប៊ុត សារុន





















