ព័ត៌មានជាតិ

កម្មករ-កម្មារិនី រោងចក្រមួយនៅខេត្តកំពង់ស្ពឺ ផ្ទុះការតវ៉ាបិទផ្លូវ ទាមទារឱ្យម្ចាស់រោងចក្រគោរពលក្ខខណ្ឌការងារ គិតគូរពីសុខភាព និងប្រាក់ខែ

image


កំពង់ស្ពឺ៖ កម្មករ-កម្មារិនីបានផ្ទុះការតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៣ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៤៥.៤៦ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅមុខរោងចក្រ តារាល អ៉ិនធើណេសិនណល ឯ.ក (TARAL INTERNATIONAL CO., LTD) នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីទាមទារឱ្យរោងចក្រមួយនេះទទួលខុសត្រូវលើលក្ខខណ្ឌការងារដែលខ្លួនកំពុងគេចវេស។

បន្ទាប់ពីផ្ទុះការតវ៉ា ក្រុមការងារនៃក្រសួង និងមន្ទីរការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ បានបើកកិច្ចប្រជុំដោះស្រាយវិវាទការងារបន្ទាន់ ស្តីពីកម្មករនិយោជិតទាមទារឱ្យក្រុមហ៊ុនអនុវត្តលក្ខខណ្ឌទូទៅនៃការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ លក្ខខណ្ឌទំនាក់ទំនងវិជ្ជាជីវៈ និងលក្ខខណ្ឌនៃរបបសន្តិសុខសង្គម ឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធវិស័យការងារ ក្រោមវត្តមាន លោក អ៊ូ រតនា អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ និងជាប្រធានក្រុមអន្តរាគមន៍ដោះស្រាយទី៣ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមបញ្ជាក់ថា នៅក្នុងរោងចក្រមានកម្មករ-កម្មារិនីធ្វើការចំនួន ៥៥ ០៧០ (ស្រី៣៣១០នាក់) បានធ្វើកូដកម្មសុំឱ្យរោងចក្រខាងលើកុំកាត់លុយថ្ងៃដែលបានធ្វើកូដកម្មតាំងពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ និងប្រាក់បំណាច់ឆ្នាំ គ្មានដំណោះស្រាយរហូតឈានទៅបិទផ្លូវនាពេលនេះ៕



អត្ថបទ៖ ប៊ុត សារុន