ក្រសួងកសិកម្ម នឹងរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ ដែលមានរយៈពេល ៤ថ្ងៃ ដោយរំពឹងថា នឹងជួយលើកកម្ពស់កសិពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការកែច្នៃកសិស្បៀងអាហារ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំវេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) ដែលមានរយៈពេល ៤ថ្ងៃ គឺពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នាកោះពេជ្រ ក្នុងគោលបំបណងលើកកម្ពស់កសិពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការកែច្នៃក្នុងវិស័យកសិស្បៀងអាហារនៅព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៣ ខែតុលានេះ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការរៀបចំ បានថ្លែងឱ្យដឹងថា វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) គឺជាព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតដំបូងបង្អស់នៅព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍នេះដឹកនាំរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមសហការពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា។
លោក ប្រាក់ ដាវីដ បានលើកឡើងថា CAFE25 គឺជាព្រឹត្តិការណ៍ក្នុងវិស័យកសិស្បៀងអាហារដែលមានទំហំ និងវិសាលភាពធំបំផុតដំបូងបង្អស់នៅព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍ CAFE25 រួមបញ្ចូលវេទិកាកសិកម្មកម្រិតខ្ពស់រយៈពេលពីរថ្ងៃ និងពិព័រណ៍កសិកម្មរយៈពេលបួនថ្ងៃ។ កម្មវិធីបើកព្រឹត្តិការណ៍ CAFE25 គ្រោងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។
លោក ប្រាក់ ដាវីដ បានបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ CAFE25 គឺជាវេទិកាដ៏សំខាន់សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវ៉ាក់តម្លៃកសិកម្ម រួមមានកសិករអ្នកផលិត អ្នកកែច្នៃ ពាណិជ្ចករ វិនិយោគិន អ្នកតាក់តែងគោលនយោបាយ និងដៃគូអភិវឌ្ឍន៍ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនង ផ្លាស់ប្តូរគំនិត និងចាប់យកឱកាសថ្មីៗសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជាដែលកំពុងរីកចម្រើន។
បើតាមក្រសួងកសិកម្ម បានឱ្យដឹងថា ពិព័រណ៍កសិកម្មរយៈពេលបួនថ្ងៃ នឹងមានមានស្តង់ពិព័រណ៍ជាង៤០០ ដាក់តាំងបង្ហាញផលិតផលកសិកម្ម គ្រឿងចក្រកសិកម្មទំនើបៗ បច្ចេកវិទ្យាដ្រូនកសិកម្ម បច្ចេកវិទ្យាកែច្នៃ ធាតុចូលកសិកម្ម និងសេវាកម្មផ្សេងៗ។ ម្ចាស់អាជីវកម្មកសិកម្ម អ្នកវិនិយោគ និងកសិករ នឹងត្រូវបានផ្សាភ្ជាប់គ្នាតាមរយៈកម្មវិធីផ្គូផ្គងពាណិជ្ជកម្ម ការសាកល្បង និងទទួលបទពិសោធន៍ផ្ទាល់ជាមួយបច្ចេកវិទ្យាកសិកម្មទំនើបៗ និងចូលរួមសិក្ខាសាលាអប់រំដែលរៀបចំឡើងសម្រាប់ចែករំលែកចំណេះដឹង និងបង្កើនជំនាញ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ នឹងផ្តោតសំខាន់លើខ្សែច្រវ៉ាក់តម្លៃកសិកម្ម ៩មុខ រួមមាន អង្ករ ស្វាយចន្ទីរ ម្រេច បន្លែ ត្រី ដំឡូងមី កៅស៊ូ ឈើ និងដំណាំស្វាយ។
ព្រឹត្តិការណ៍ CAFE25 ផ្តោតការយកចិត្តទុកដាក់ចំពោះកសិករជាចម្បង។ តាមរយៈកម្មវិធីទស្សនកិច្ចរបស់កសិករ កសិករជាង ៨,០០០ នាក់នៅទូទាំងប្រទេស នឹងត្រូវបានសម្របសម្រួលដើម្បីចូលរួមទស្សនាពិព័រណ៍ដោយផ្ទាល់ ដែលការណ៍នេះផ្តល់ឱកាសដ៏ពិសេសសម្រាប់អាជីវកម្មក្នុងការផ្សាភ្ជាប់ដោយផ្ទាល់ជាមួយកសិករកម្ពុជាដែលមកពីគ្រប់តំបន់។
ក្រសួងកសិកម្ម រំពឹងថា ព្រឹត្តិការណ៍ដែលមានរយៈពេល ៤ថ្ងៃនេះ នឹងទាក់ទាញអ្នកចូលរួមទស្សនាប្រមាណ ២ម៉ឺននាក់៕




