ព័ត៌មានអន្តរជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះដោយទឹកជំនន់ ចំនួន ១៥០គ្រួសារបន្ថែមទៀត នៅស្រុកអូរយ៉ាដាវ

image


រតនគិរី ៖ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនប្រជាជនរងគ្រោះដោយទឹកជំនន់ចំនួន ១៥០គ្រួសារ រស់នៅក្នុងភូមិចំនួន២ នៃឃុំបរខាំ ស្រុកអូរយ៉ាដាវ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ លោក ញ៉ែម សំអឿន បាននាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ដ៏ជ្រាលជ្រៅជាមួយប្រជាជនទាំងអស់ រួមជាមួយការសោកស្តាយចំពោះគ្រោះធម្មជាតិជំនន់ទឹកភ្លៀងដែលបានប៉ះពាល់ដល់ជីវភាព
រស់នៅប្រចាំថ្ងៃរបស់ប្រជាជន ក៏ដូចជាជនជាតិដើមភាគតិច ដែលរស់នៅទីនេះ។

ទន្ទឹមនឹងការគិតគូរពីជីវភាព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្តាំផ្ញើដល់ប្រជាជនទាំងអស់ សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវផ្លាស់ប្តូរឥរិយាបថក្នុងការស់នៅ និងការហូបចុក ដោយត្រូវមានអានាម័យជាប់ជានិច្ច ពិសាទឹកដាំពុះ និងត្រូវស្រលាញ់ខ្លួនឱ្យស្ងួនចំណី ដើម្បីជៀសផុតពីជំងឺមិនឆ្លងសំខាន់ចំនួន៤ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ ដែលបាននិងកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែកពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារីជាដើម។

ជាមួយគ្នានេះ សូមប្រជាជនទាំងអស់ ត្រូវចេះការពារខ្លួនពីជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ដែលបង្កឡើងដោយសត្វមូស ហេតុដូចនេះ សូមកុំឱ្យមានទឹកដក់ក្នុងសំបកកង់ឡានកង់ម៉ូតូ សំបកដូង សំបកកំប៉ុងជាដើម ដែលជាជម្រកសត្វមូស ជាពិសេសត្រូវនាំគ្នាគេងក្នុងមុងជាប្រចាំ ព្រោះមុងមានក្នុងកញ្ចប់ឃីតនៃអំណោយមនុស្សធម៌ដែលចែកជូនស្រាប់។ បន្ថែមពីនេះ ក៏សូមប្រុងប្រយ័ត្នចំពោះកុមារតូចៗដែលប្រឈមនឹងគ្រោះថ្នាក់ដោយការលង់ទឹកជាយថាហេតុ ដែលនាំឱ្យមានវិប្បដិសារីក្នុងគ្រួសារ។ ដោយឡែក ចំពោះស្ត្រីមានផ្ទៃ
ពោះ សូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់តាមការណាត់របស់ក្រុមគ្រូពេទ្យ គឺយ៉ាងតិចណាស់ឱ្យបាន ៤ដងមុនពេលសម្រាល ហើយពេលសម្រាលត្រូវទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលមានគ្រូពេទ្យមានវិជ្ជាជីវ:ត្រឹមត្រូវ ដើម្បីសុខភាពល្អ និងសុវត្ថិភាពទាំងម្តាយនិងកូនក្នុងផ្ទៃ ជៀសផុតពីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ និងការចម្លងជំងឺពីម្តាយទៅកូន ជាពិសេសគឺជំងឺអេដស៍។

លោក អភិបាលខេត្ត ក៏បានលើឡើងពីការយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសូមជូនពរប្រជាពលរដ្ឋមានសុខភាពល្អគ្រប់ៗគ្នា  ដើម្បីបន្តប្រកបមុខរបរស្តារជីវភាពគ្រួសារឡើងវិញ ពិសេសសូមជួយណែនាំកូនចៅកុំឱ្យសេពគ្រឿងញែន កុំលែងល្បែងស៊ីសងគ្រប់ប្រភេទ និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការកាត់បន្ថយអត្រាស្លាប់ ពិការ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។

សូមបញ្ជាក់បន្ថែមថាសម្រាប់ខេត្តរតនគិរី កន្លងមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ធ្លាប់បានផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័ស ចំនួន ៩០០
គ្រួសាររួចមកហើយកាលពី ថ្ងៃទី ២៧ និងទី២៨ ខែកញ្ញា ឆ្នាំ ២០២៥ នៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ។

អំណោយមនុស្សធម៌ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ប្រេងឆា ១ដប, ម្សៅសាប៊ូ ១កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ ហើយឯកឧត្តមប្រធានក៏បានជូនថវិកាផ្ទាល់ខ្លួន ជូនលោកយាយ លោកតាចាស់ជរា ជនពិការ និងអ្នកជំងឺ មួយចំនួនផងដែរ៕

អត្ថបទ៖ ប៉េស សារី