ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព ក្នុងទីរួមខេត្ត

image


ប៉ៃលិន៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព ក្នុងទីរួមខេត្ត ដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ និងលើកកម្ពស់វិស័យទេសចរណ៍ ដែលជាកត្តាមួយយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ។

លោកស្រី បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា ក្រោមគោលនយោបាយឈ្នះឈ្នះ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលើផ្ទៃប្រទេស មានស្ថេរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិ យ៉ាងក្តៅគគុកមានការអភិវឌ្ឍនិងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធាឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរជាទីមោទន។

លោកស្រីអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះ អាជ្ញាធរខេត្តប៉ៃលិន បានកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែរលម្អសោភ័ណភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំ ដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែរលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលំអនាពេលរាត្រី ការសម្អាតអនាម័យបរិស្ថាន នៅតាមទីសាធារណៈ និងតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍នានា ដើម្បីឲ្យខេត្តប៉ៃលិនប្រែក្លាយ ជាខេត្តមួយ មានការរីកចម្រើន និងមានទេសភាពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍ សម្រាប់ថ្ងៃអនាគតផងដែរ។

នៅក្នុងឱកាសនោះផងដែរ លោកស្រី បាន ស្រីមុំ បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថាន និងជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេស មេត្តាយោគយល់ និងអធ្យាស្រ័យចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ធ្វើការកែរលម្អហេដ្ឋារចនាសម័ន្ធ និងសោភ័ណភាពខេត្តរបស់យើង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ+អន្តរជាតិ មកលេងកម្សាន្ត។

សូមបញ្ជាក់ថា ខេត្តប៉ៃលិន ជាខេត្តមួយដែលមានសក្តានុពលខាងវិស័យទេសចរណ៍បែបអេកូធម្មជាតិដ៏ល្បីល្បាញ និងមានរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែង ដែលមានភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្តជារៀងរាល់ថ្ងៃ ព្រមទាំងផ្នែកសេវាកម្មទេសចរណ៍ ដូចជា៖ សណ្ឋាគារ និងរីសត ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដើម្បីផ្ដល់សេវាជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន៕

អត្ថបទ៖ សុខ វិច្ឆ័យ