និស្សិតកម្ពុជា ៥៥ នាក់ ត្រូវបានជ្រើសរើសបឋម ដើម្បីទទួលអាហារូបករណ៍អូស្ត្រាលី សម្រាប់ឆ្នាំសិក្សា២០២៦, ច្រើនជាងពាក់កណ្តាល គឺជាស្ត្រី

ភ្នំពេញ៖ លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានជួបសំណេះសំណាល និងអបអរសាទរដល់និស្សិតកម្ពុជាចំនួន ៥៥ នាក់ ដែលមានសមត្ថភាពខ្ពស់ និងស្នាដៃជាច្រើន ដែលត្រូវបានជ្រើសរើសបឋម ដើម្បីទទួលអាហារូបករណ៍អូស្ត្រាលី Australia Awards (AAS) សម្រាប់ឆ្នាំសិក្សា២០២៦។ ឯកអគ្គរដ្ឋទូតបានជួបនិស្សិតទាំងនេះ ក្នុងថ្ងៃបើកវគ្គបណ្តុះបណ្តាលភាសាអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេស នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងចំណោមនិស្សិតទទួលអាហារូករណ៍ទាំងនេះ មាននិស្សិតប្រាំនាក់ទទួលអាហារូបករណ៍តាមរយៈកម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលី (Mekong Australia Partnership)។
និស្សិតដែលទើបទទួលអាហារូបករណ៍ថ្មីទាំងនេះ នឹងចូលរួមជាមួយប្រជាជនកម្ពុជាប្រមាណជិត ១ ១០០ នាក់ ដែលបានទៅសិក្សានៅប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីអាហារូបករណ៍អូស្ត្រាលី និងកម្មវិធីអាហារូបករណ៍ផ្សេងៗពីមុនរបស់អូស្ត្រាលី។
ឯកអគ្គរដ្ឋទូតយីប បានមានប្រសាសន៍ថា "ការវិនិយោគលើការអប់រំដែលមានគុណភាពខ្ពស់ ទៅលើនិស្សិតកម្ពុជាដែលពូកែនិងឆ្លាត នឹងនាំមកនូវអត្ថប្រយោជន៍អភិវឌ្ឍន៍យ៉ាងសំខាន់សម្រាប់ប្រទេសជាតិ”។ "ខណៈពេលដែលកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) និងបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនការវិនិយោគពីបរទេស កំណើនរឹងមាំប្រកបដោយនិរន្តរភាព និងការប្រកួតប្រជែងជាសាកល ការវិនិយោគលើធនធានមនុស្សគឺជាកត្តាចាំបាច់។ អូស្ត្រាលីកំពុងគាំទ្រប្រទេសកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងនេះ”។
លោកបន្តថា "អាហារូបករណ៍អូស្ត្រាលីសម្រាប់ឆ្នាំសិក្សា ២០២៦នេះ ឆ្លុះបញ្ចាំងពីការកើនឡើងនៃបរិយាបន្នរបស់កម្មវិធី។ ច្រើនជាងពាក់កណ្តាលនៃនិស្សិតទទួលបានអាហារូបករណ៍គឺជាស្ត្រី ហើយ ២៤% នៃនិស្សិតទទួលអាហារូបករណ៍ទទួលបានការគាំទ្រតាមរយៈកម្មវិធីមាគ៌ាសមធម៌ (Equity Pathways) ដែលរួមមាននិស្សិត ៦នាក់ជាជនដែលមានពិការភាព។ ក្នុងឆ្នាំនេះ ចំនួននិស្សិតទទួលអាហារូបករណ៍មកពីខាងស្ថាប័នរាជរដ្ឋាភិបាល បានកើនឡើងដល់ ៣៦% និង១៨% សម្រាប់និស្សិតទទួលអាហារូបករណ៍ដែលមកពីតាមបណ្តាខេត្ត"។
និស្សិតទាំងនេះនឹងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសអូស្ត្រាលីក្នុងវិស័យសិក្សាផ្សេងៗ រួមមាន គោលនយោបាយសាធារណៈ មនុស្សយន្ត និងបញ្ញាសិប្បនិម្មិត វិទ្យាសាស្ត្រជីវវេជ្ជសាស្ត្រ ការស្តារនីតិសម្បទា និងសុខភាពផ្លូវចិត្ត វិទ្យាសាស្ត្រទិន្នន័យ វិទ្យាសាស្ត្រវិស្វកម្ម បរិស្ថាន ការអប់រំ សន្តិភាព ជម្លោះ និងច្បាប់។ វិស័យទាំងនេះឆ្លុះបញ្ចាំងពីអាទិភាពនៃការអភិវឌ្ឍរបស់កម្ពុជា និងបង្ហាញពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការគាំទ្រកំណើនប្រកបដោយចីរភាព និងបរិយាបន្ន។
សូមជម្រាបថា អាហារូបករណ៍អូស្ត្រាលី ជាការវិនិយោគរយៈពេលវែងសម្រាប់អនាគតរបស់កម្ពុជា។ តាមរយៈការផ្តល់នូវជំនាញកម្រិតពិភពលោក បណ្តាញទំនាក់ទំនង និងតម្លៃរួមដល់អ្នកដឹកនាំជំនាន់ថ្មីទាំងនេះ កម្មវិធីអាហារូបករណ៍អូស្ត្រាលីនេះកំពុងជំរុញនវានុវត្តន៍ពង្រឹងស្ថាប័ន និងកសាងភាពជាដៃគូឲ្យកាន់តែរឹងមាំរវាងប្រទេសអូស្ត្រាលី និងកម្ពុជា៕
អត្ថបទ៖ សន ពិសិដ្ឋ




