ព័ត៌មានជាតិ

នៅថ្ងៃស្អែកនេះ! ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងដឹកនាំប្រតិភូកម្ពុជា ទៅសហរដ្ឋអាម៉េរិក ដើម្បីបញ្ចប់ការចរចាពន្ធគយបដិការជាមួយអាម៉េរិក មុននឹងចុះកិច្ចព្រមព្រៀងជាផ្លូវការនៅចុងខែតុលានេះ

image


ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា នៅថ្ងៃសៅរ៍ស្អែកនេះ លោកនឹងដឹកនាំក្រុមការងារធ្វើដំណើរទៅសហរដ្ឋអាម៉េរិក ដើម្បីបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៥។

ថ្លែងក្នុងវេទិកាស្តីពី “វិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក” កាលពីថ្ងៃទី ២ខែតុលានេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ទោះបីជាសហរដ្ឋអាម៉េរិកសម្រេចកំណត់ពន្ធគយបដិការលើទំនិញនាំចូលពីកម្ពុជា ក្នុងអត្រា ១៩% រួចហើយក៏ដោយ ប៉ុន្តែកម្ពុជា នឹងបន្តប្រឹងប្រែងស្នើឲ្យសហរដ្ឋអាម៉េរិកទម្លាក់អត្រាពន្ធគយបន្ថែមទៀតទៅលើមុខទំនិញអាទិភាពចំនួន ៧មុខ ដូចជា សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ជាដើម ព្រោះវិស័យនេះ មានសារសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា ជាមួយការផ្តល់ឳ កាសការងារប្រមាណ ១លាននាក់ ជាពិសេសស្ត្រី ហើយម៉្យាងទៀតផលិតផលក្នុងវិស័យនេះ ក៏មិនប្រកួតប្រជែងជាមួយផលិតផលនៅអាម៉េរិកនោះដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ចំណុចសំខាន់នៃការចរចានេះ ក៏នឹងផ្តោតទៅលើលក្ខខណ្ឌមួយចំនួន រួមទាំងច្បាប់វិធានដើមកំណើតទំនិញផងដែរ ដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀងជាផ្លូវការរវាងភាគីទាំងពីរ នៅចុងខែតុលានេះ ក្នុងពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី។

លោកឧបនាយករដ្ឋមន្ត្រី លើកឡើងថា៖ «យើងខ្ញុំទៅនឹង មិនត្រឹមតែចរចាលើតួលេខ ១៩%នេះទេ ប៉ុន្តែនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ឲ្យអត្រាទាបចំពោះផលិតផលធ្វើនៅកម្ពុជាយើងនេះ ដែលមាន ៧មុខធំៗថែមទៀត ក្រៅពីពាក្យពេជន៍ដែលយើងមិនទាន់បានឯកភាពគ្នា។ យើងខ្ញុំនឹងខិតខំប្រឹងប្រែង ហើយសង្ឃឹមថា នឹងបានលទ្ធផលល្អជូនប្រទេសជាតិមាតុភូមិរបស់យើង ដើម្បីយើងបន្តទាក់ទាញអ្នកវិនិយោគ មកដាក់ទុននៅកម្ពុជាយើង»។

យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ក្នុងរយៈពេល ៨ខែឆ្នាំ២០២៥នេះ មានតម្លៃទឹកប្រាក់ ៨,៣១ប៊ីលានដុល្លារអាម៉េរិក កើនឡើង ២៣,២% ខណៈកម្ពុជា នាំចូលពីអាម៉េរិកវិញ មានតម្លៃ ២៤៣លានដុល្លារអាម៉េរិក កើនឡើង ៣៩,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នំាមុន៕