ករណីប្រមូលផ្តុំគ្នាតវ៉ារបស់កម្មកររោងចក្រតារាល នៅខេត្តកំពង់ស្ពឺ បានឈានដល់ការព្រមព្រៀងសះជា ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន

កំពង់ស្ពឺ៖ នៅរសៀលថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥នេះ ករណីការប្រមូលផ្ដុំតវ៉ារបស់កម្មកររោងចក្រតារាល បានឈានដល់ការព្រមព្រៀងសះជា ក្រោមការសម្របសម្រួលដ៏លឿនរហ័សប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និងអាជ្ញាធរមូលដ្ឋានដោយកម្មករ នឹងចូលធ្វើការជាធម្មតាវិញនៅថ្ងៃស្អែកនេះ។ នេះជាការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ក្រោយការប្រមូលផ្ដុំតវ៉ាបិទផ្លូវពីសំណាក់កម្មករនិយោជិតនៃក្រុមហ៊ុនតារាល នៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣ ខែតុលានេះភ្លាម លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសម្របសម្រួល និងស្ដាប់ពីសំណូមពររបស់កម្មករនិយោជិត និងបានសម្របសម្រួលជាមួយនឹងនិយោជកដោយផ្អែកទៅលើកត្តាច្បាប់រហូតឈានដល់ការព្រមព្រៀងសះជាភ្លាមៗ ដែលបានទាមទារចំនួន ១៦ ចំណុច។ ចំណុចទាំងនោះ រួមមាន ការស្នើសុំលុយថ្លៃបាយថ្ងៃត្រង់ ការរក្សាលុយធ្វើការទៀងទាត់(លុយព្រីម) ក្នុងករណីមកយឺតក្រោម១៥ នាទីក្នុងមួយខែ និងការអនុញ្ញាតច្បាប់ដោយមានជំងឺ ដោយមានវេជ្ជបញ្ជាពីគ្រូពេទ្យ ជាដើម។
លោក ស៊ុន មេសា បញ្ជាក់ថា៖ "ក្រោយការសម្របសម្រួល ការយកចិត្តទុកដាក់ និងការដោះស្រាយប្រកបដោយភាពលឿនរហ័ស និងប្រកបដោយទំនុកចិត្តរបស់មន្ត្រីជំនាញនៃក្រសួងការងារបងប្អូនកម្មករកម្មការិនី និងភាគីរោងចក្របានឈានដល់ការព្រមព្រៀងគ្នានៅថ្ងៃដដែល ហើយកម្មករនឹងវិលចូលធ្វើការវិញនៅថ្ងៃស្អែកតាមការព្រមព្រៀងគ្នា"។
លទ្ធផលសះជាដ៏លឿនរហ័សនេះ គឺកើតចេញពីការយកចិត្តទុកដាក់របស់មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈរួមទាំងអាជ្ញាធរមូលដ្ឋាននៃរាជរដ្ឋាភិបាលកម្ពុជា៕






