កម្ពុជា ផ្សព្វផ្សាយយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គឆ្នាំ២០៣០ ដើម្បីលើកទឹកចិត្តឲ្យប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលមានគោលដៅផ្តល់ការងារនៅក្នុងពហុវិស័យផ្សេងទៀត

ភ្នំពេញ៖ កម្ពុជាផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច មហាអនុតំបន់មេគង្គឆ្នាំ២០៣០ (GMS-2030) ដើម្បីលើកទឹកចិត្តសមាជិកឲ្យលើកកម្ពស់ឌីជីថលូបនីយកម្មប្រកបដោយបរិយាប័ន្ន និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅគ្រប់សកម្មភាព និងគម្រោងរបស់កម្មវិធី GMS មានគោលដៅផ្តល់ការងារតាមរយៈការពង្រីកទីផ្សារនៅក្នុងពហុវិស័យផ្សេងទៀត និងធានាភាពធន់សម្រាប់ប្រជាជនកម្ពុជាទាំងមូល។
លោក ជូ ហេង អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងឲ្យដឹងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីក្របខ័ណ្ឌយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គឆ្នាំ២០៣០ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នេះថា ឌីជីថលូបនីយកម្ម គឺជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងរបស់ GMS ក្នុងការកសាងសេដ្ឋកិច្ចតំបន់ ដែលមានសមាហរកម្ម និងរឹងមាំនៅឆ្នាំ២០៣០។
លើសពីនេះ, ក្របខ័ណ្ឌវិនិយោគតំបន់ គឺជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្រោមយន្តការ GMS សម្រាប់ ៣ឆ្នាំរំកិល ដែលមានគោលបំណងក្នុងការកៀរគរហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធសម្រាប់គម្រោងស្នើសុំដោយប្រទេសសមាជិកលើវិស័យអាទិភាព ដូចជា ការដឹកជញ្ជូន, ថាមពល, កសិកម្ម, បិរស្ថាន, សុខាភិបាល, ការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍទីក្រុង, ទេសចរណ៍, ការសម្របសម្រួលការដឹកជញ្ជូន និងពាណិជ្ជកម្ម, បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ និងគម្រោងពហុវិស័យផ្សេងទៀត។
ក្នុងឱកាសនោះដែរ, លោកស្រី ផាណា វ៉ឺនីដា អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានលេខាធិការដ្ឋានជាតិនៃមហាអនុតំបន់មេគង្គ បានលើកឡើងថា កិច្ចប្រជុំកំពូល GMS លើកទី៨ បានកំណត់ការប្តេជ្ញាចិត្តនយោបាយរបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសសមាជិក GMS លើការបញ្ជ្រាបឌីជីថលូបនីយកម្មទៅក្នុងកម្មវិធី GMS តាមរយៈការអនុម័តយុទ្ធសាស្ត្រវានុវត្តន៍សម្រាប់ការអភិវឌ្ឍមហាអនុតំបន់មេគង្គឆ្នាំ២០៣០។
លោកស្រី បានបន្តថា ក្នុងរយៈពេលជិត ២ឆ្នាំមកនេះ ការអនុវត្តនៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ គោលនយោបាយក្នុងវិស័យ GMS ជាច្រើនត្រូវបានពង្រឹងដើម្បីបង្កើនប្រសិទ្ធភាពនៃគម្រោង GMS ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀងសំខាន់ៗ ក្នុងវិស័យនិងផ្នែកផ្សេងៗនៃកិច្ចសហប្រតិបត្តិការដោយគិតត្រឹមខែតុលា ឆ្នាំ២០២៥ យុទ្ធសាស្ត្រវិស័យមួយចំនួនត្រូវបានអនុម័ត និងធ្វើបច្ចុប្បន្នភាព រួមមាន សុខាភិបាល, បរិស្ថាន, កសិកម្ម, ទេសចរណ៍ និងដឹកជញ្ជូន ត្រូវបានលើកកម្ពស់ប្រកបដោយនិរន្តរភាព និងភាពធន់ប្រកបដោយបរិយាបន្ន។
សូមបញ្ជាក់ថា កម្មវិធីកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ ដែលមានប្រទេសជាសមាជិកចំនួន ០៦ គឺកម្ពុជា, ចិន, ឡាវ, មីយ៉ាន់ម៉ា, ថៃ និងវៀតណាម ដែលមានគោលបំណងស្នូលក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំង៦ ដោយមានការសម្របសម្រួល និងផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕
អត្ថបទ៖ ចេង ឆហួត















