ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជួបសំណេះសំណាល និងសាកសួរទុក្ខពលករ ដែលត្រលប់មកពីប្រទេសថៃ ក្នុងខេត្តកំពង់ធំ

image

កំពង់ធំ៖ នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានជួបសំណេះសំណាលសាកសួរសុខទុក្ខពលករខ្មែរ។

តាមរបាយការណ៍របស់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះ សម្រាប់ខេត្តកំពង់ធំ ពលករដែលបានត្រឡប់មកពីប្រទេសថៃមានចំនួន ១៣៦៥០នាក់ ក្នុងនោះ ពលករចំនួន ៧២៨៦នាក់ បានទទួលការងារថ្មីនៅកម្ពុជា ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសពីសំណាក់សម្តេច ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងបានគិតគូរ នឹករឭក និងខ្វល់ខ្វាយជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន ពូ មីង ក្មួយៗ ទាំងអស់ ដែលជាបងប្អូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ នៅគ្រប់ទីកន្លែងនិយាយជារួម និងនិយាយដោយឡែកនៅក្នុងខេត្តកំពង់ធំនាពេលនេះ។ 

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនពលករខ្មែរក្នុងពេលដ៏លំបាកនេះ និងបានកោតសរសើរខ្ពស់ចំពោះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលខិតខំសម្របសម្រួល និងរិះរកគ្រប់មធ្យោបាយប្រមូលផ្តុំនូវឱកាសការងារ ដើម្បីឱ្យពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ មានការងារធ្វើ បន្តរកចំណូលចិញ្ចឹមជីវិតនៅតាមស្រុកកំណើតរបស់ខ្លួន ឬនៅតាមបណ្តារាជធានី-ខេត្តផ្សេងទៀត ។ លោក វង្សី វិស្សុត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់  ឱ្យបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងផលលំបាកទាំងឡាយ ដែលពលករខ្មែររបស់យើងជួបប្រទះ។

ក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត បានគូសរំលេចអំពីវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងការជួយសម្រួលដល់បងប្អូនប្រជាពលករដែលវិលត្រឡប់ពីប្រទេសថៃ រួមមានការសម្របសម្រួលនិងដឹកជញ្ជូនបងប្អូនត្រឡប់មកស្រុកកំណើតវិញ, ការបើកយុទ្ធនាការចុះឈ្មោះស្វែងរកការងារធ្វើ ឬចុះឈ្មោះរៀនជំនាញ, ការដាក់ឱ្យដំណើរការប្រព័ន្ធ Hotline ១២៩៧ ៧ថ្ងៃ/សប្តាហ៍ ដើម្បីផ្គូផ្គងព័ត៌មានទៅរោងចក្រ និងក្រុមហ៊ុនដែលត្រូវការកម្លាំងពលកម្ម និងការដាក់ឱ្យដំណើរការប្រព័ន្ធចុះឈ្មោះស្វែងរកការងារធ្វើតាមប្រព័ន្ធតេលេក្រាម, ការអនុគ្រោះដល់ជនភៀសសឹក និងពលករ ដោយលើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទាន, ការកំណត់យកសាខាបេឡាជាតិសន្តិសុខសង្គម និងវិទ្យាស្ថានបណ្ដុះបណ្ដាល នៅតាមរាជធានី ខេត្ត ជាទីតាំងដែលប្រជាពលករអាចទៅចុះឈ្មោះស្វែងរកការងារ និងសម្ភាសដោយផ្ទាល់ និងតាមប្រព័ន្ធហ្សូមជាមួយរោងចក្រ និងក្រុមហ៊ុននានា។ ជាងនេះទៅទៀតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងអាជ្ញាធរខេត្ត ក៏បានផ្តល់ការគាំទ្រជាស្មារតី និងសម្ភារៈជាហូរហែជូនបងប្អូនប្រជាពលករ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានស្នើសុំបងប្អូនប្រជាពលករ សូមបន្តរក្សាភាពអត់ធ្មត់ និងថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសខិតខំស្វែងរកឱកាសការងារធ្វើ ឬបន្តទទួលយកការបណ្តុះបណ្តាលជំនាញផ្សេងៗ ដើម្បីជួយទ្រទ្រង់ដល់ជីវភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារផង និងសេដ្ឋកិច្ចរបស់ប្រទេសជាតិយើងផងដែរ ព្រមទាំងបានបន្តលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេស បងប្អូនពលករនៅទីនេះ ចូលរួមជំរុញ បង្កើត គាំទ្រ និងលើកកម្ពស់ការគាំទ្រផលិតផលក្នុងស្រុក ដោយម្ខាងផលិត និងម្ខាងទៀតប្រើប្រាស់ តាមទិសស្លោក «ខ្មែរប្រើប្រាស់ផលិតផលខ្មែរ» និង  «ខ្មែរត្រូវផលិតដោយប្រើប្រាស់របស់ខ្មែរ» ហើយ «រដ្ឋជួយគាំទ្រអ្នកផលិតផលិតផលខ្មែរ»។ ឯកឧត្តមក៏បានផ្តល់ការណែនាំបន្ថែមដោយសូមឱ្យមានការគិតគូរឡើងវិញពាក់ព័ន្ធនឹងថ្លៃជួលដីស្រែ ដោយត្រូវគិតគូរដល់ការចែករំលែកផលចំណេញផង និងបន្ទុករបស់កសិករផងដែរ ក្នុងពេលលំបាកនេះ។

លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ក្នុងបរិការណ៍ដ៏ផុយស្រួយនៃបទឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ, រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងប្រឹងប្រែងអស់ពីលទ្ធភាព ព្យាយាមដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងសន្តិភាព ដោយប្រើគោលការណ៍ច្បាប់អន្តរជាតិព្រមទាំងទប់កម្តៅមិនតបតនឹងការអុចអាលនិងកលល្បិចរបស់ថៃ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា «សង្គ្រាមមិនអាចបញ្ចប់សង្រ្គាមបាននោះទេ ហើយកម្ពុជាយើងស្ងប់ស្ងៀម មិនមែនមានន័យថា កម្ពុជាយើងមិនបានធ្វើអ្វីនោះទេ»។ ដូចនេះ សូមប្អូនជឿទុកចិត្តលើសមត្ថភាពដឹកនាំ និងសមត្ថភាពដោះស្រាយបញ្ហារបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង គឺ សម្ដេចធិបតី ហ៊ុន ម៉ាណែតដោយមានការជ្រោមជ្រែងពេញទំហឹងពី សម្ដេចតេជោ ហ៊ុន សែន ដែលកំពុងខិតខំធ្វើការមិនថាយប់ មិនថាថ្ងៃ ដើម្បីស្វែងរកមកវិញនូវសន្តិភាពជូនបងប្អូន។