ព័ត៌មានជាតិ

ស្ថានទូតបារាំងនៅកម្ពុជា បើកទ្វារស្វាគមន៍សាធារណជនជាថ្មីក្នុងឱកាសទិវាបេតិកភណ្ឌ

image


ភ្នំពេញ៖ បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង ៧៥០០នាក់ កាលពីឆ្នាំមុន ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី៤ ខែតុលានេះ បានបើកទ្វារទទួលសាធារណជនចូលទស្សនាដោយសេរីជាថ្មីម្តងទៀតនៅ ចាប់ពីម៉ោង៨ព្រឹកដល់ ម៉ោង៤រសៀល ក្នុងឱកាសទិវាបេតិកភណ្ឌ។


យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ នឹងអនុញ្ញាតឱ្យអ្នកទស្សនាស្វែងយល់ពីសំណង់អគារនានា ដែលពោរពេញដោយប្រវត្តិសាស្ត្រដែលជាលំហបៃតងធំជាងគេមួយនៅភ្នំពេញ ជាពិសេសចូលកម្សាន្តនៅក្នុងឧទ្យានស្ថានទូតទំហំជិត ៥ហិកតា ហើយក៏ជាទីកន្លែងមនោរម្យមួយសម្រាប់ស្រូបខ្យល់អាកាសបរិសុទ្ធនៅកណ្តាលរាជធានី។ ឧទ្យាននេះ មានប្រព័ន្ធអេកូឡូហ្ស៊ីជីវៈចម្រុះ ជាមួយដើមឈើប្រមាណ២០០ដើម ស្ថិតក្នុង៥០ប្រភេទខុសៗគ្នា និងពពួកសត្វចម្រុះជាង ២៥០ប្រភេទ ក្នុងនោះមានថនិកសត្វ សត្វស្លាប ឈួន ថលជលិកសត្វ និងសត្វល្អិតផ្សេងៗ ដែលត្រូវបានចុះក្នុង បញ្ជីសារពើភ័ណ្ឌលម្អិតកាលពីពេលថ្មីៗនេះ។
សកម្មភាពនានា ដែលត្រូវបានធ្វើឡើងដើម្បីអភិរក្សព្រៃឈើ និងសត្វក្នុងឧទ្យាន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសបារាំង ក្នុងការការពារបរិស្ថាន និងជីវៈចម្រុះ។


ក្រៅពីនេះ សាធារណជន អាចទស្សនាកន្លែងចងចាំប្រវត្តិសាស្ត្រមួយ នោះគឺអតីតទ្វាររបងរបស់ស្ថានទូតដែលជា សាក្សីនៃការដួលរលំទីក្រុងភ្នំពេញនៅខែមេសា ឆ្នាំ១៩៧៥ ហើយដែលត្រូវបានរក្សាទុករហូតមកដល់សព្វថ្ងៃ។
ផ្តួចផ្តើមឡើងនៅឆ្នាំ១៩៨៥ដោយប្រទេសបារាំង បច្ចុប្បន្នទិវាបេតិកភណ្ឌ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងប្រទេសជាង៥០។ ទិវានេះ អនុញ្ញាតឱ្យសាធារណជនចូលទៅទស្សនាស្វែងយល់អំពីទីកន្លែងនានាដែលជាធម្មតាត្រូវបានបិទមិន ឱ្យចូលទស្សនា។


ការទស្សនាស្ថានទូតបារាំងធ្វើឡើងដោយមិនគិតថ្លៃ និងពុំចាំបាច់ចុះឈ្មោះជាមុន ប៉ុន្តែចំនួនអ្នកទស្សនា អាចនឹងមានច្រើន ជាពិសេសនៅពេលព្រឹកដែលតម្រូវឱ្យមានការឈរតម្រង់ជួរ។ ដោយសារហេតុផលសន្តិសុខ កាបូបធំៗ និងសម្ភារៈដែលអាចបង្កគ្រោះថ្នាក់មិនអនុញ្ញាតឱ្យយកចូលស្ថានទូតទេ។ ស្ថានទូតបារាំងរក្សាសិទ្ធិក្នុងការបន្ថយ ម៉ោងទស្សនាក្នុងករណីមានភ្លៀងធ្លាក់ខ្លាំង ឬខ្យល់បោកបក់ខ្លាំង។
បន្ទាប់ពីទិវាបេតិកភណ្ឌខាងលើ ឧទ្យានស្ថានទូត នឹងបើកជូនសាធារណជនចូលទស្សនាម្តងទៀតក្នុងប៉ុន្មានសប្តាហ៍ ខាងមុខ ពោលគឺនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសនៃការរៀបចំពិព័រណ៌ផ្សារបារាំង៕