សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជនណែនាំដល់អាជ្ញាធររាជធានី -ខេត្តយកចិត្តទុកលើសភាពការណ៍សង្គម សេដ្ឋកិច្ច និងនយោបាយ ដែលបម្រើឱ្យប្រៀបឈ្នះរបស់គណបក្ស

ភ្នំពេញ៖ សម្ដេចសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្ស និងប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី- ខេត្ត»នៅវិមាន៧មករាទីស្នាក់ការកណ្តាល គណបក្ស។
ពិធីនេះមានការចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកា គណៈចលនា មហាជន ប្រធានគណៈចលនាជំនាញ អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានគណៈចលនាមហាជនរាជធានី- ខេត្ត និងសិក្ខាកាមដែលបានទទួលវគ្គបណ្តុះបណ្តាលប្រមាណ ៤០០នាក់។
នាឱកាសនោះលោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ជូនអង្គពិធី។
លោកលើកឡើងថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយអនុវត្តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានគណបក្ស ក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តរបស់គណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ១៧-១៨ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីលើក កម្ពស់ គាំទ្រការងារមហាជននៅថ្នាក់ ក្រោមជាតិ ឲ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការពង្រឹងបន្ថែមសមត្ថភាពមន្រ្តីគណបក្សដើម្បីមានលទ្ធភាពគ្រប់គ្រងសភាពការណ៍ និងឆ្លើយតបទៅនឹងសមរ ភូមិនយោបាយសតិអារម្មណ៍ក្នុងស្រទាប់មហាជនឱ្យកាន់តែល្អប្រសើរ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចល នាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះវីរកងទ័ពកម្ពុជាដែលបានពលីក្នុងបេសកកម្មការពារទឹកដី ក្នុងព្រឹត្តិការណ៍ឈ្លានពានរបស់កងទ័ពថៃ នាពេលកន្លងមក។
ជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់អនុសាសន៍ណែនាំ ដល់សិក្ខាកាម សូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវចំណុចមួយចំនួនដូចជា៖ ១- សូមគណៈចលនាមហាជនរាជធានី-ខេត្ត យកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជនក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ឆ្នាំ២០២៦-២០២៨, ២-សូម អគ្គលេខាធិការដ្ឋាន បន្តយកចិត្តទុកដាក់និងគាំទ្រដល់ការបណ្តុះបណ្តាល បន្តរបស់គណៈចលនាមហាជនរាជធានី -ខេត្ត។ ដោយផ្អែកតាមបរិបទ និងសភាព ការណ៍សង្គម សេដ្ឋកិច្ច និងនយោបាយ ជាក់ស្តែងនៅកម្ពុជា ដែលបម្រើឱ្យប្រៀបឈ្នះរបស់គណបក្ស និង៣-សូមសិក្ខាកាម ដែលនឹងក្លាយជាគ្រូ បង្គោល លើការបណ្តុះបណ្តាលបន្តនៅតាម រាជធានី-ខេត្ត យកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំលើការងារ នយោ បាយ និងសង្គមជាតិ ក៏ដូចជានៅតាមមូលដ្ឋានរៀងៗខ្លួន។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមសរុបចំនួន ២២២រូប ដោយបែងចែកជា ៥វគ្គសម្រាប់ ២៥រាជធានី-ខេត្ត។ ក្នុងនោះ វគ្គនីមួយៗ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ កន្លះ ដោយសិក្ខាកាមនៃវគ្គនីមួយៗ បានទទួលនូវមេរៀនសំខាន់ៗពាក់ព័ន្ធនឹង ទី១. តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធគណៈចលនាមហាជន ទី២. វិធីសាស្រ្តគោលក្នុងការប្រឈម និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍ ទី៣. ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងវិធី សាស្ត្រផ្សព្វផ្សាយ និង ទី៤. យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងសមិទ្ធ ផលសម្រេចបានរបស់រាជរដ្ឋាភិបាល។ គ្រូបង្គោលដែលបានទទួលវគ្គបណ្តុះ បណ្តាលនាពេលនេះ នឹងទទួលបានសម្បទាគ្រប់គ្រាន់សម្រាប់បើកវគ្គបណ្តុះបណ្តាលការងារចលនាមហាជនដល់រចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់នៅមូលដ្ឋានរៀងៗខ្លួន៕
អត្ថបទ៖ វង សុភ័ក្ត្រ










