សមត្ថកិច្ចខេត្តកំពង់ស្ពឺ បកស្រាយករណីមេប៉ុស្តិ៍ពោធិ៍អង្គ្រងផ្ទុះអាវុធបណ្តាលឱ្យស្លាប់មនុស្សម្នាក់ ថាជាការរាលកៃកាំភ្លើង

កំពង់ស្ពឺ៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២២:០០នាទី កម្លាំងនគរបាលរដ្ឋបាលពោធិ៍អង្គ្រង ដឹកនាំដោយ លោកអនុសេនីយ៍ឯក ទ្រី បូរិន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្គ្រង និងមន្ត្រីនគរបាលប៉ុស្តិ៍ ៥នាក់ បានចុះធ្វើ ការល្បាតក្នុងភូមិសាស្តឃុំពោធិ៍អង្ក្រង។
នៅពេលដល់ចំណុចផ្លូវបេតុងចំណុចកើតហេតុមានមុខសញ្ញាសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ផ្លាកលេខ កំពង់ស្ពឺ 1Z-2338 ពេលនោះសមត្ថកិច្ចបានស្ទាក់ឃាត់ដើម្បីសួរនាំ ប៉ុន្តែមុខសញ្ញាបើកម៉ូតូមិនព្រមបញ្ឈប់ និងបានព្យាយាមបើកគេចពីសមត្ថកិច្ចបកថយក្រោយរួចបានជ្រុលបុកលោកអនុសេនីយ៍ឯក ទ្រី បូរិន នាយប៉ុស្តិ៍ បុកចំអាវុធAK47 បណ្តាលឱ្យរាលកៃផ្ទុះចំឈ្មោះ ផា រ៉ាយុ ភេទប្រុស អាយុ ១៧ឆ្នាំ ជាអ្នកបើកម៉ូតូ រស់នៅភូមិព្រៃស្រួល ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យស្លាប់។
ក្រោយហេតុការណ៍ខាងលើ លោកអនុសេនីយ៍ឯក ទ្រី បូរិន នាយប៉ុស្តិ៍ បានគោរពរាយការណ៍ភ្លាមៗទៅ លោកអធិការនគរបាលស្រុកបសេដ្ឋ និងបានប្រគល់ខ្លួនមកផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីទទួលខុសត្រូវចំពោះសកម្មភាពកើតឡើងដោយអចេតនា និងការធ្វេសប្រហែសរបស់ខ្លួនក្នុងពេលចុះបំពេញ ភារកិច្ចការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម។
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ក្រោយកើតហេតុ អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ នាំខ្លួនលោកអនុសេនីយ៍ឯក ទ្រី បូរិន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្ក្រង មកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តនីតិវិធី សាកសួរនិងស្នើសុំគោលការណ៍ថ្នាក់ ដឹកនាំចំណាត់ការតាមផ្លូវច្បាប់ចំពោះសកម្មភាពដែលបានបង្កឱ្យជនរងគ្រោះបាត់បង់អាយុជីវិត។
ស្នងការដ្ឋានគរបាលខេត្តកំពង់ស្ពឺ បានបន្តថា ករណីលោកអនុសេនីយ៍ឯក ទ្រី បូរិន ស្នងការដ្ឋាននគរបាលខេត្ត និងធ្វើការដោយភាពយុត្តិធម៌ និងធានាផ្តល់ការ ជឿជាក់ដល់ក្រុមគ្រួសារជនរងគ្រោះ៕





