កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង និងខេត្តកំពង់ចាម បំបែកសំណុំរឿងគ្រឿងញៀនឆ្លងខេត្តដ៏ធំ ឃាត់ខ្លួនជនសង្ស័យ ៦នាក់ និងរឹបអូសគ្រឿងញៀនជិត ១០គីឡូក្រាម

បាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បង្ក្រាបបានករណីជួញដូរគ្រឿងញៀនឆ្លងខេត្ត ទ្រង់ទ្រាយធំ ដោយចាប់ខ្លួនជនសង្ស័យសរុបចំនួន ៦នាក់ និងរឹបអូសបានគ្រឿងញៀនប្រភេទម៉ាទឹកកកសរុបជិត ១០គីឡូក្រាម ។
ប្រតិបត្តិការនេះបានចាប់ផ្ដើមតាំងពីវេលាម៉ោង៣:៣០នាទី រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។
កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យដំបូងចំនួន២នាក់ គឺឈ្មោះ ចន សុថេង និងឈ្មោះ ឃីម សុគង់ ព្រមទាំងដកហូតបានគ្រឿងញៀនមួយចំនួនតូច។
បន្ទាប់ពីធ្វើការសាកសួរ ឈ្មោះ ចន សុថេង បានសារភាពថា ខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ ម៉ី ដា ដែលរស់នៅក្នុងក្រុងបាត់ដំបងដែរ ។ ភ្លាមៗនោះ កម្លាំងជំនាញបានបន្តទៅឃាត់ខ្លួនឈ្មោះ ម៉ី ដា និងបក្ខពួកបាន២នាក់ទៀត នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ហើយរឹបអូសបានគ្រឿងញៀនចំនួន ៧កញ្ចប់ ទម្ងន់ ៤១១,៨៩ក្រាម។
ដោយបន្តការស៊ើបអង្កេត ឈ្មោះ ម៉ី ដា បានសារភាពថា ខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ វង្ស ចាន់ណា ដែលរស់នៅខេត្តកំពង់ចាម ។ ក្រោមការសម្របសម្រួលនីតិវិធីពីលោព្រះរាជអាជ្ញា កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានពង្រីកប្រតិបត្តិការទៅខេត្តកំពង់ចាម ហើយសហការជាមួយកម្លាំងនៅទីនោះដើម្បីបន្តការងារ។
នៅវេលាម៉ោង១២:៣០នាទី ថ្ងៃត្រង់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ កម្លាំងចម្រុះបានធ្វើការចាប់ខ្លួនឈ្មោះ វង្ស ចាន់ណា នៅស្រុកបាធាយ ខេត្តកំពង់ចាម ។ ក្រោយមក នៅម៉ោង៤:៣០នាទី រសៀលថ្ងៃដដែល កម្លាំងបានបន្តឆែកឆេរលំនៅឋានរបស់ជនសង្ស័យនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយបានរកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ៩កញ្ចប់ធំ ដែលត្រូវបានកប់ក្នុងធុងស័ង្កសីក្នុងបរិវេណផ្ទះ។ គ្រឿងញៀនដែលដកហូតបានមានទម្ងន់សរុប ៩៥៦៥,៦៧ក្រាម។
ជាលទ្ធផលនៃប្រតិបត្តិការដ៏កម្រិតខ្ពស់នេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦នាក់ (ស្រី ១នាក់) និងរឹបអូសបានគ្រឿងញៀនប្រភេទម៉ាទឹកកក មានទម្ងន់សរុបរហូតដល់ ៩៩៩៥,២២ក្រាម ។ ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ឡាច សុគន្ធាវី








