ព័ត៌មានជាតិ

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំសិល្បករ-សិល្បការិនីល្បីៗ រៀបចំតន្ត្រីសប្បុរសធម៌ ទ្រទ្រង់ជនភៀសសឹក ទទួលបានការគាំទ្រច្រើនពីសប្បុរសជន

image


ភ្នំពេញ៖ នៅរាត្រីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំសិល្បករ-សិល្បការិនីល្បីៗ ដោយរៀបចំកម្មវិធីតន្ត្រីសប្បុរសធម៌ទ្រទ្រង់ជនភៀសសឹក និងផ្តល់ភាពសប្បាយរីករាយដល់ភ្ញៀវជាតិ និងអន្តរជាតិ នៅផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ។


ក្នុងឱកាសនោះ មានកម្មវិធីសិល្បៈជាច្រើន ដែលសមាគមសិល្បករខ្មែរ បានរៀបចំជាទស្សនីយភាពជូនដល់សាធារណជនដើរឆ្លងកាត់ផ្លូវ (Walk Street) បានទស្សនាកម្សាន្តផង និងចូលជាមូលនិធិផង ដើម្បីជួយទ្រទ្រង់ជនភៀសសឹកនៅតាមព្រំដែន និងដើម្បីរួមគ្នាផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខ ដែលសៀមបានធ្វើការឈ្លានពានមកលើប្រទេសកម្ពុជា។


កម្មវិធីតន្ត្រីសប្បុរសធម៌ដែលរៀបចំដោយសមាគមសិល្បករខ្មែរនេះ មានដូចជា ការគោរពទង់ជាតិនៃព្រះរាជាណចក្រកម្ពុជា, គោរពវិញ្ញាណក្ខន្ធវីរកងទ័ព, សិល្បករទាំងអស់គោរពនូវមរតកមនុស្សរស់ ដែលបានលះបង់កម្លាំងកាយចិត្តស្ទើរមួយជីវិត ដើម្បីសិល្បៈរបាំបុរាណខ្មែរ, ការបង្ហាញជូនចម្រៀងសម័យ បុរាណ, ការសម្តែងនូវល្ខោនពោលស្រី ដោយលោកយាយអាយុ ៩៣ឆ្នាំ, ល្ខោនបាសាក់ដកស្រង់ចេញពីរឿងនាងកែវមុន្នីរតនា ធិតាមុខសេះ ដែលរួមសម្តែងដោយសិល្បករបុរាណ និងសម័យ, ការសម្តែងរឿងខ្លីបែបកំប្លែងពីក្រុមលោក ពូ ណុយ និងច្រៀងរួមគ្នាបទ We are the World ផងដែរ។


លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ធ្លាប់បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីតន្ត្រីសប្បុរសធម៌នេះ ក្នុងគោលបំណងទី១-ជាការរ៉ៃអង្គាសថវិកាជួយទៅដល់បងៗជាវីរកងទ័ពជួរមុខទាំងអស់ និងជនភៀសសឹក និងទី២-ចង់បង្ហាញលើកស្ទួយ និងផ្សព្វផ្សាយវិស័យសិល្បៈវប្បធម៌របស់ខ្មែរ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យបានឃើញបានដឹងផ្ទាល់ នៅ walk street រាជធានីភ្នំពេញ ហើយវាក៏ជាការបង្កើនសេដ្ឋកិច្ចមួយផងដែរ ដែលសមាគមសិល្បករខ្មែរបានព្រាងទុក។
លោកជំទាវអ្នកឧកញ៉ា បានបន្ថែមថា ក្នុងនាមតំណាងឱ្យក្រុមហ៊ុនហ៊ុនរ៉ូយ៉ាល់គ្រុប និងតំណាងឱ្យសប្បុរសជនទាំងអស់ទាំងក្នុង និងក្រៅប្រទេស បាននាំយកអំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគ រួមទាំងថវិកាទៅជូនដល់ដៃជនភៀសសឹក និងយោធិនរងរបួសដោយផ្ទាល់ពីសង្រ្គាមឈ្លានពាន់របស់សៀម។


ជាមួយគ្នានេះ លោកជំទាវអ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណទាំងក្នុង និងក្រៅប្រទេស ដែលសុទ្ធសឹងតែជាសប្បុរសជន សូមមានសុខភាពល្អ និងបួងសួងសុំឱ្យទេវតាឆ្នាំថ្មី ឃុំគ្រងព្រះរាជាណាចក្រកម្ពុជា ជាពិសេសប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មានសុខភាពល្អទទួលបានជ័យជំនះ និងកម្ពុជាទទួលបានសុខសន្តិភាព នាពេលឆាប់ៗខាងមុខនេះ។


សូមបញ្ជាក់ថា នៅផ្លូវថ្មើរជើងចតុមុខ (Walk Street) រាជធានីភ្នំពេញ តាមរយៈកម្មវិធីតន្ត្រីសប្បុរសធម៌ទ្រទ្រង់ជនភៀសសឹករបស់សមាគមសិល្បករខ្មែរ រយៈពេល ២ថ្ងៃជាប់គ្នា នៅថ្ងៃទី៤-៥ តុលា ២០២៥៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ អ៊ុន ផាណាត, លឹម មុនី និង អេង សុគុណ