កម្ពុជា ស្នើឱ្យភាគីចិនជួយសម្រួលនីតិវិធីនាំចេញ និងកាត់បន្ថយភាពស្មុគស្មាញ លើមុខទំនិញឧស្សាហកម្មចំនួន ២៥មុខ និងកសិផលចំនួន ១៣មុខ របស់ខ្លួន

ភ្នំពេញ៖ កម្ពុជា បានស្នើឱ្យប្រទេសចិន ជួយសម្រួលនីតិវិធីនាំចេញ និងកាត់បន្ថយភាពស្មុគស្មាញផ្សេងៗ លើមុខទំនិញឧស្សាហកម្មចំនួន ២៥មុខ និងផលិតផលកសិកម្មចំនួន ១៣មុខ របស់ខ្លួន ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រធ្វើពិពិធកម្មទីផ្សារ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ការស្នើនេះ បានធ្វើឡើងក្នុងអំឡុងពេលលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល រួមជា មួយមន្ត្រីពាក់ព័ន្ធ បានធ្វើដំណើរទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិភាក្សាជាមួយភាគីចិន ក្នុងការពង្រីកការនាំចេញផលិតផលកម្ពុជា ឲ្យបានច្រើនថែមទៀតទៅទីផ្សារចិន។
ថ្លែងក្នុងវេទិកាស្តីពី “វិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក” កាលពីថ្ងៃទី ២ខែតុលានេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា កាលពីពេលថ្មីៗ លោក និងគណៈប្រតិភូកម្ពុជា បានជួបពិភាក្សាជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ដែលជាសហប្រធានក្រុមការងារអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដោយស្នើឲ្យភាគីចិនពិនិត្យឡើងវិញនូវរាល់នីតិវិធីទាំងអស់ ដើម្បីជួយសម្រួល
ដល់ការនាំចេញផលិតផលរបស់កម្ពុជា ទៅប្រ ទេសចិន។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កន្លងមកការនាំចេញទៅប្រទេសចិន គឺមានការលំបាកណាស់ ជាពិសេសផលិតផលកសិផល ដោយមានការត្រួតពិនិត្យតឹងរ៉ឹង ចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល និងការវេចខ្ចប់ ដែលមានរយៈពេលពីរឆ្នាំទើបទទួលបានការអនុញ្ញាតឲ្យនាំចេញបានមួយមុខ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ «យើងសូមឲ្យមិត្តចិនជួយសម្រួលដល់នីតិវិធី ក្នុងការនាំចេញផលិតផលរបស់យើង ព្រោះមានការលំបាកណាស់ ចង់នាំចេញផលិតផលមួយ ឧទាហរណ៍ថា ស្វាយ គាត់មកពិនិត្យ តាំងពីដាំស្វាយរបៀបម៉េច ប្រើជីរបៀបម៉េច ចម្ការរបៀបម៉េច? ចង់នាំទុរេន គាត់ទៅមើលចម្ការទុរេន មួយមុខម្តងៗ ជួនកាល ២ឆ្នាំទើបបានមួយ! អ៊ីចឹងយើងស្នើសុំ ២៥មុខ លើវិស័យឧស្សាហកម្ម យើងស្នើសុំ ១៣មុខ លើវិស័យកសិកម្ម ដោយសុំធ្វើម្តងបានហើយ កុំធ្វើម្តងមួយមុខ ហើយ ២ឆ្នាំបានមួយ»។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការធ្វើពិពិធកម្មទីផ្សារ លើសពីទីផ្សារសហរដ្ឋអាម៉េរិក ដែលបច្ចុប្បន្នមានចំណែកដ៏ធំរហូតដល់ទៅ ៣៧%នៃការនំាចេញសរុប។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏កំពុងស្វែងរកការទាក់ទាញវិនិយោគិនចម្រុះជាតិសាសន៍មកពីប្រទេសផ្សេងៗ ស្របពេលដែលសព្វថ្ងៃនេះ ចិនគឺជាប្រភពវិនិយោគបរទេសដ៏ធំបំផុតរបស់កម្ពុជា។
ម៉្យាងវិញទៀត, នៅចំពោះមុខនៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃ និងការបិទច្រកព្រំដែនគោកដោយឯកតោភាគីពីភាគីថៃ, កម្ពុជា ក៏កំពុងបង្វែរទីផ្សារកសិផលរបស់បណ្តាខេត្តជាប់ព្រំដែនជាមួយថៃ ដែលធ្លាប់ពឹងផ្អែកលើទីផ្សារថៃ ទៅប្រទេសផ្សេងៗ រួមទាំងចិន និងវៀតណាមផងដែរ។
កម្ពុជា និងចិន មានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធរួចហើយ ដែលពង្រឹងដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលបានចុះហត្ថលេខានៅឆ្នាំ២០២០ និងអនុវត្តនៅឆ្នាំ២០២២ ក៏ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។
លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ បានកត់សម្គាល់ថា បច្ចុប្បន្ននេះ កសិផលកម្ពុជាចំនួន ១៦មុខ ត្រូវបានអនុញ្ញាតិក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងនោះរួមមាន អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជលផលធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេន ដែលបង្ហាញពីសន្ទុះដ៏រឹងមាំ និងសមិទ្ធផលផ្លែផ្កាគួរកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ទោះបីជាមានការរីកចម្រើនយ៉ាងនេះក្តី កម្ពុជានៅតែបន្តប្រឈមមុខនឹងអតុល្យភាពពាណិជ្ជកម្មដ៏ធំជាមួយប្រទេសចិន។ យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៥នេះ មានតម្លៃទឹកប្រាក់ ១,០៥ប៊ីលានដុល្លារអាម៉េរិក ធ្លាក់ចុះ ៨% ខណៈការនាំចូលរបស់កម្ពុជា ពីប្រទេសចិនវិញ មានតម្លៃទឹកប្រាក់ ១១,៦៣ប៊ីលានដុល្លារអាម៉េរិក កើនឡើង ៣០,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕



