ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល ធ្វើវេទិកាការងារ និងការចុះឈ្មោះស្វែងរកការងារធ្វើរបស់ពលរដ្ឋ និងពលករខ្មែរដែលបានវិលត្រលប់មកពីប្រទេសថៃ

កណ្តាល៖ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល លោក ចន ណារិទ្ធ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិកាការងារ និងការចុះឈ្មោះស្វែងរកការងារធ្វើរបស់ពលរដ្ឋ និងពលករខ្មែរ ដែលបានវិលត្រលប់មកពីប្រទេសថៃ និងកំពុងស្វែងរកការងារធ្វើ ក្នុងនោះមានការសម្ភាសការងារជ្រើសរើសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន និងក្រុមការងារទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលកម្មវិធីនេះបានរៀបចំនៅជើងភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលស្រុកពញាឮ លោកប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត អាជ្ញាធរពាក់ព័ន្ធ តំណាងក្រុមហ៊ុន ព្រមទាំង ពលរដ្ឋ និងពលករដែលបានវិលមកពីប្រទេសថៃចូលរួមសរុបប្រមាណចំនួន ៣០០នាក់។
ក្នុងឱកាសនោះ លោក ចន ណារិទ្ធ បានសំណូមពរដល់ពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃ ត្រូវខិតខំធ្វើការនៅក្នុងប្រទេស ដើម្បីជួយគ្រួសារ និងសង្គមសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើង ព្រោះថាការងារនៅកម្ពុជា ក៏ដូចជានៅខេត្តកណ្តាល មិនខ្វះទេឱកាសធ្វើការងារ ព្រោះតំបន់សេដ្ឋកិច្ចឧស្សាហកម្មជាច្រើនកំពុងត្រូវការកម្លាំងពលកម្ម និងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ផងដែរ។
លោករដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ពលរដ្ឋដែលជាសមាជិកគ្រួសារដែលមានបណ្ណសមធម៌, បណ្ណគ្រួសារងាយរងហានិភ័យ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ មកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ (TVET) របស់រាជរដ្ឋាភិបាល ដើម្បីទទួលបានការសិក្សាជំនាញវិជ្ជាជីវៈដោយមិនគិតថ្លៃ និងប្រាក់ឧបត្ថម្ភប្រចាំខែ ក៏ដូចជាទទួលបានចំណេះជំនាញពិតប្រាកដ ដើម្បីឈានចាប់យកឱកាសការងារដែលកំពុងមានច្រើនកន្លែងក្នុងប្រទេសកម្ពុជា។
លោករដ្ឋលេខាធិការ បានបន្ថែមទៀតថា ក្រោមកិច្ចខំប្រឹងប្រែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា សហរដ្ឋអាម៉េរិកបានសម្រេចទម្លាក់អត្រាពន្ធបដិការ លើកម្ពុជាមកនៅ ១៩ភាគរយ តែប៉ុណ្ណោះ។ តាមរយៈអត្រានេះកម្ពុជានឹងអាចទាក់ទាញអ្នកវិនិយោគិនច្រើនបន្ថែមទៀតនាពេលអនាគត ដែលនឹងអាចបង្កើតឱកាសការងារបានកាន់តែច្រើន ដែលទាមទាជាចំបាច់នូវកម្លាំងពលកម្មច្រើន ជាពិសេសកម្លាំងពលកម្មដែលមានជំនាញ៕













