ឆេះរថយន្ត៣គ្រឿងក្នុងពេលតែមួយ នៅខណ្ឌឡាក់ស៊ី ក្រុងបាងកក សង្ស័យឆ្លងភ្លើង

ថៃឡង់ដ៍៖ ក្រោយទទួលបានការជូនដំណឹងពីលេខបន្ទាន់ ១៩៩ ក្រុមអ្នកពន្លត់អគ្គិភ័យក្នុងទីក្រុងបាងកក បានចេញអន្តរាគមន៍លើករណីអគ្គិភ័យឆាបឆេះរថយន្តមួយករណីដែលបានឆាបឆេះ និងបំផ្លិចបំផ្លាញរថយន្តចំនួន ៣គ្រឿងក្នុងពេលដំណាលគ្នា ។
ហេតុការណ៍នេះ បានកើតឡើងនៅលើផ្លូវ ឈេងវឌ្ឍនា (Chaengwattana Road) ក្នុងសង្កាត់ធុងសុងហុន (Thung Song Hong) ខណ្ឌឡាក់ស៊ី (Lak Si) ក្រុងបាងកក កាលពីម៉ោងប្រមាណជា ៧៖០០ នាទីយប់ថ្ងៃពុធ ទី៨ ខែតុលា ។
ក្រោយមក នៅម៉ោង ៧៖១៥នាទីយប់ ទើបក្រុមការងារអាចគ្រប់គ្រងស្ថានការណ៍ឆាបឆេះនេះបាន ស្របពេលការត្រួតពិនិត្យបឋម បានរកឃើញថា រថយន្តភីកអាប់មួយបាំងកន្លះចំនួន ២គ្រឿង និងរថយន្តឈ្នួល ១គ្រឿងត្រូវអគ្គិភ័យបំផ្លិចបំផ្លាញ។ ទោះបីសង្ស័យថា ជាករណីឆ្លងចរន្តភ្លើងក៏ដោយ ក៏សមត្ថកិច្ចគ្រាន់តែបញ្ជាក់ថា មូលហេតុនិងទំហំនៃការខូចខាត ស្ថិតនៅក្រោមការស៊ើបអង្កេត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព-Photo៖ Fire & Rescue Thailand




