ចាប់ខ្លួនមេបញ្ជាការរង វរៈសេនាតូចការពារព្រំដែន ៨៩១ ចំនួន ២នាក់ មេប៉ុស្តិ៍ម្នាក់ និងមន្រ្តី ៣នាក់ ពាក់ព័ន្ធនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់

បន្ទាយមានជ័យ៖ កម្លាំងយោធាកងពលលេខ ៥១ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគ ៥ បានឃាត់ខ្លួនមន្ត្រី នគរបាលខេត្តបន្ទាយមានជ័យ ៦នាក់ ពាក់ព័ន្ធនាំមនុស្សឆ្លងដែនខុសច្បាប់ នៅចំណុចប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មន្រ្តី នគរបាលដែលត្រូវឃាត់ខ្លួន រួមមាន លោក វរសេនីយ៍ត្រី សុខ សំអុល (ហៅតុង) មេបញ្ជាការរងវរ:សេនាតូចការពារព្រំដែន៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, លោកវរៈសេនីយ៍ត្រី ព្រឹមដែន មេបញ្ជាការរងវរ:សេនាតូចការពារព្រំដែន៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, លោកវរៈសេនីយ៍ត្រី ព្រំ ផូរ (ហៅ ងិក) មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនគោក អូរល្ហុង នៃវរៈសេនាតូច ៨៩១, លោក ពលបាលត្រី ព្រឹម ឌុន មន្ត្រីវរៈសេនាតូច ៨៩១, លោក ពលបាលត្រី កាក់ សេងទ្រី មន្ត្រី វរៈសេនាតូច ៨៩១, លោកអនុសេនីយ៍ទោ ភុំ ចំរើន មន្ត្រីវរៈសេនាតូច ៨៩១ និងឈ្មោះ ងុិក មិថុនា ចុងភៅ ត្រូវបានឃាត់ខ្លួនសួរនាំក្នុងរង្វង់ប្រតិបត្តិការណ៍ តែក្រោយសាកសួរគឺមិនពាក់ព័ន្ធ បទល្មើសឡើយ។
បន្ទាប់ពីឃាត់ខ្លួន មន្ត្រីនគរបាលទាំងនោះត្រូវបានប្រគល់ជូនទៅសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកំពុងកសាងសំណុំរឿងដេីម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា ទាក់ទងនឹងបញ្ហាព្រំដែន និងបទល្មើសនៅតាមតំបន់ព្រំដែន កាលពីព្រលប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារដាស់តឿនឈ្មួញ និងមន្ដ្រី និងឱ្យកម្ចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃចូលប្រទេសកម្ពុជាក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងកម្ពុជាមើលងាយថា អត់ទំនិញគេមិនបាន៕






