សម្តេចបវរធិបតី និងនាយករដ្ឋមន្ត្រី នៃកុំមិនវែលដូមីនីក អញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក បានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។
ពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៩ខែតុលា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រីនៃកុំមិនដែលដូមីនីក អញ្ជើញមកបំពេញ ទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ។
សូមជម្រាបដែរថា មុនពិធីផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរនេះ នាយករដ្ឋមន្ត្រី នៃកុំមិនវែលដូមីនីក ឯកឧត្តមបណ្ឌិត Roosevelt Skerrit ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ទទួលជួបពិភាក្សាទ្វេភាគី នៅវិមានសន្តិភាពផងដែរ។
នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែល ផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ដំណើរទស្សនកិច្ចការងាររបស់ ឯកឧត្តមបណ្ឌិត មកកាន់ព្រះរាជាណាចក្រកម្ពុជានេះ នឹងពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រជាជនទាំងពីរ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ


