ព័ត៌មានជាតិ

ជប៉ុន ផ្តល់ថវិកា ជាង១៨ម៉ឺនដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់លទ្ធកម្មរថយន្តពន្លត់អគ្គិភ័យជប៉ុន និងការបំពាក់បរិក្ខារពេទ្យ

image


ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុប១៨៣,៥៨៨ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីររបស់កម្ពុជា ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណ៌)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង តំណាងស្ថាប័នទទួលជំនួយទាំងពីរ ដើម្បីអនុវត្តគម្រោង។

លោក អ៊ូអិណុ អាត់ស៊ូស៊ី មានប្រសាសន៍ថា សម្រាប់គម្រោងទី១ ដែលអនុវត្តដោយនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន ១២០,៣០៨ ដុល្លារអាមេរិក (មួយរយម្ភៃពាន់ បីរយប្រាំបីដុល្លារអាមេរិក) ដើម្បីប្រើប្រាស់ឡើងវិញនូវរថយន្តសង្គ្រោះបន្ទាន់ ដែលនឹងនាំចូលពីប្រទេស ជប៉ុន។ យើងរំពឹងថា រថយន្តសង្គ្រោះបន្ទាន់ចំនួន៤គ្រឿង ដែលប្រើប្រាស់ឡើងវិញនេះ នឹងធ្វើឱ្យក្រុមគ្រូពេទ្យនៅស្ថានីយ៍ពន្លត់អគ្គិភ័យអាចផ្តល់ការថែទាំសង្គ្រោះបន្ទាន់យ៉ាងឆាប់រហ័សក្នុងករណីមានអគ្គិភ័យ។ ឯកឧត្តម សង្ឃឹមថាជំនួយនេះនឹងជួយការពារអាយុជីវិតប្រជាជនជាង ៤,១ លាននាក់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។

សម្រាប់គម្រោងទី២ ដែលអនុវត្តដោយមន្ទីរពេទ្យបង្អែកបរកែវ ក្នុងខេត្តរតនគិរី រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន ៦៣,២៨០ ដុល្លារអាមេរិក (ហុកសិបបីពាន់ពីររយប៉ែតសិបដុល្លារអាមេរិក) ដើម្បីជាជំនួយ សម្រាប់ការបំពាក់បរិក្ខារពេទ្យនៅមន្ទីរពេទ្យបង្អែកបរកែវ។ គ្រឿងបរិក្ខារថ្មីនេះ ត្រូវបានរំពឹងថា នឹងជួយ ក្នុងការធ្វើរោគវិនិច្ឆ័យដំបូង និងព្យាបាលបានឆាប់រហ័សសម្រាប់ជនរងគ្រោះក្នុងគ្រោះថ្នាក់ និងអ្នកជំងឺ ដែលត្រូវការសង្គ្រោះបន្ទាន់។ ជាលទ្ធផលនៃគម្រោងនេះ យើងរំពឹងថាអ្នកជំងឺប្រមាណ ៩,៥០០នាក់ ក្នុងមួយឆ្នាំៗ នឹងទទួលបានការថែទាំវេជ្ជសាស្ត្រប្រកបដោយប្រសិទ្ធភាព និងបន្ធូរបន្ថយនូវបន្ទុកនានា។

គម្រោងគូសាណូណ៌របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយ ជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង ៧២លាន ដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណ៌ ចំនួន ៧០៦គម្រោង នៅទូទាំងប្រទេសកម្ពុជា៕

អត្ថបទ៖ សន ពិសិដ្ឋ