ព័ត៌មានជាតិ

វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ បើកសម្ពោធជាផ្លូវការ ដើម្បីផ្សព្វ ផ្សាយសក្តានុពលរបស់កម្ពុជា ជាគោលដៅសម្រាប់ទីផ្សារទេសចរណ៍មូស្លីម

image


ភ្នំពេញ៖ វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ ដែលត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ មានរយៈពេល ៣ថ្ងៃ ត្រូវបានបើកសម្ពោធជាផ្លូវការហើយនៅព្រឹកនេះ ជាមួយការដាក់តាំងបង្ហាញផលិតផល និងសេវាកម្មទេសចរណ៍ចម្រុះ ប្រមាណ ១០០ស្តង់ ដើម្បីបង្ហាញពីភាពចម្រុះពណ៌នៃវប្បធម៌របស់ប្រទេសកម្ពុជា និងការផ្សព្វផ្សាយសក្តានុពលរបស់ខ្លួនជាគោលដៅសម្រាប់ទីផ្សារទេសចរណ៍មូស្លីម។

វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ «អាស់សាឡាមូអាឡៃគុមកម្ពុជា៖ គោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅបរិវេណនៃវិហារអាល់សារកាល់ (វិហារឥស្លាមបឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណង៖ (១) សូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្តសម្រាប់ទេសចរគ្រប់ជាតិសាសន៍មកពីគ្រប់ទិសទី (២) ដើម្បីបង្ហាញពីភាពសម្បូរបែបនៃសក្តានុពលទេសចរណ៍កម្ពុជា ដែលសមស្របជាមួយទីផ្សារទេសចរណ៍មូស្លីម និងស្តង់ដាមូស្លីមហ្វ្រេនលីកម្ពុជា និង (៣) ការត្រៀមលក្ខណៈសម្បត្តិក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម ឱ្យស្របតាមនិន្នាការ និងតម្រូវការទីផ្សារទេសចរណ៍មូស្លីមជាតិ-អន្តរជាតិ ប្រកបដោយបរិយាបន្ន និងនវានុវត្តន៍។

ពិធីបើកសម្ពោធ វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពី មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍, អាជ្ញាធររាជធានីភ្នំពេញ និងបណ្តាអង្គទូតមួយចំនួននៅកម្ពុជា​ ព្រមទាំងភ្ញៀវជាតិ អន្តរជាតិជាច្រើននាក់ផងដែរ។

លោក កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារទេសចរណ៍មូស្លីម បានមានប្រសាសន៍ថា នេះជាលើកទី២ហើយ ដែលក្រសួងទេសច រណ៍ បានរៀបចំវេទិកា និងទេសចរណ៍មូស្លីមនេះឡើង ដែលមានលក្ខណៈធំជាងលើកទី ១ ខណៈលើកទី ១ កាលពីឆ្នាំ២០២៤ ដែលមានស្តង់ចូលរួមតាំងបង្ហាញត្រឹមតែ ២០ស្តង់ប៉ុណ្ណោះ។

លោក បានបញ្ជាក់ថា ការរៀបចំវេទិកា និងពិព័រណ៍នាឳកាសនេះជាសកម្មភាពមួយ ដែលស្ថិតក្នុងផែនការអភិវឌ្ឍទេសចរណ៍មូស្លីមរបស់ក្រសួងទេសចរណ៍ និងមានគោលបំណងមិនខុសពីលើកទី១ឡើយ គឺប្រមូលផ្តុំអ្នកជំនាញមានបទពិសោធន៍ល្អៗ ជាច្រើនពីស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងថ្នាក់ដឹកនាំសហគមន៍មូស្លីម ស្វែងយល់ពីលទ្ធភាពបញ្ហាប្រឈម និងកាលានុវត្តភាពនានា ក្នុងការទទួល និងចាប់យកចំណែកនៃទីផ្សារទេសចរណ៍មូស្លីម។

លោកបន្ថែមថា ក្នុងវេទិកានេះ នឹងផ្តល់នូវការចែករំលែកចំណេះដឹងបន្ថែម ពិភាក្សាអំពីការបង្កើនយុទ្ធសាស្ត្រ និងការកសាង កិច្ចសហប្រតិបត្តិការនានា ដែលនឹងជំរុញអនាគតនៃវិស័យទេសចរណ៍កម្ពុជា បន្ថែមទៀតផងដែរ។ ក្នុងនោះ វេទិកានេះ ក៏នឹងរំលេចចំណុចមួយចំនួន ដូចជា៖ អំពីភាពល្អឯកនៃសុខដុមនីយកម្ម និងគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងមានទំនុកចិត្ត សម្រាប់គ្រប់ភ្ញៀវទេសចរទាំងអស់ រួមទាំងភ្ញៀវទេសចរមូស្លីម។ ដោយបង្ហាញពីភាពចម្រុះពណ៌នៃវប្បធម៌របស់ប្រទេសកម្ពុជា និងការផ្សព្វផ្សាយសក្តានុ ពលរបស់ខ្លួនជាគោលដៅសម្រាប់ទីផ្សារទេសចរណ៍មូស្លីម។

តាមរយៈវេទិកា និងពិព័រណ៍នេះ គឺជាផ្នែកមួយដ៏សំខាន់នៃការធ្វើពិពិធកម្មទីផ្សារទេសចរណ៍អន្តរជាតិឱ្យមានលក្ខណៈទូលំទូលាយ ដោយចាប់យកទីផ្សារទេសចរណ៍មូស្លីម ដែលជាទីផ្សារមានសក្តានុពលមកបំពេញបន្ថែមទីផ្សារទេសចរណ៍អន្តរជាតិដែលមានស្រាប់របស់កម្ពុជា។

ថ្លែងក្នុងឱកាសបើកព្រឹត្តិការណ៍នេះ លោក​ ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងពីសារៈសំខាន់នៃការរៀបចំវេទិកា និងព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥នេះ ដោយសង្កត់ធ្ងន់ថា ទេសចរមូស្លីម គឺជាទីផ្សារអាទិភាពមួយក្នុងការចូលរួមចំណែកជំរុញដល់កំណើនទេសចរអន្តរជាតិមកទស្សនាកម្ពុជា។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បើយោងតាមរបាយការណ៍របស់ Global Muslim Travel Index បានបង្ហាញថាចំនួនទេសចរមូស្លីម បានធ្វើដំណើរទូទាំងសកលលោកមានប្រមាណ ១៧៦លាននាក់ នៅឆ្នាំ២០២៤ កើនឡើង ២៥% ធៀបនឹងឆ្នាំ២០២៣ និងកើនឡើង១០% បើធៀបនឹងមុនពេលកូវីដ-១៩ ព្រមទាំងរំពឹងថា នឹងបន្តកើនឡើងប្រមាណ ១៨៦លាននាក់ នៅឆ្នាំ២០២៥ ហើយតួលេខនេះ នឹងកើនដល់ ២៤៥លាននាក់ នៅឆ្នាំ២០៣០ ជាមួយការប៉ាន់ស្មានការចំណាយប្រមាណ ២៣៥ប៊ីលានដុល្លារអាម៉េរិក។

លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា កត្តាទាំងនេះ បានបង្ហាញឱ្យឃើញពីកាលានុវត្តភាពកាន់តែប្រសើរឡើងសម្រាប់កម្ពុជាក្នុងការច្បាមយកឱកាស និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកសក្ដានុពលវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ និងរីកចម្រើន តាមរយៈការចាប់យកទីផ្សារទេសចរណ៍មូស្លីម មកបំពេញបន្ថែមទីផ្សារអន្តរជាតិដែលមានស្រាប់ សំដៅអភិវឌ្ឍន៍ទីផ្សារទេសចរណ៍ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។

លោករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា បន្ទាប់ពីការដាក់ចេញផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម (២០២៣-២០២៧) ដែលជាត្រីវិស័យដ៏សំខាន់ក្នុងការទាក់ទាញទេសចរណ៍ ស្តង់ដាមូស្លីមហ្រ្វែនលី គឺជាយន្តតូបករណ៍មួយដ៏សំខាន់ដែលបង្ហាញឱ្យឃើញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំគោលដៅទេសចរណ៍មូស្លីម មូលដ្ឋានអាជីវកម្មទេសចរណ៍មូស្លីម និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូនទេសចរមូស្លីម។

សូមជម្រាបថា ក្រៅពីវេទិកាពិភាក្សា ព្រឹត្តិការណ៍នាឱកាសនេះ ក៏មានការដាក់តាំងពិព័រណ៍នូវ ផលិតផល និងសេវាកម្មទេសចរណ៍ចំនួន ១០០ស្តង់ផងដែរ ក្នុងនោះ រួមមាន៖ ការដាក់តាំងបង្ហាញជាប្រភេទ Muslim Friendly Food and Beverages, Muslim Friendly Fashion, Muslim Friendly Hotel and service, Muslim Friendly Cosmetics ។ល។ ផលិតផល និងសេវាកម្មដែលដាក់តាំងពិពរណ៍នាឱកាសនេះ គឺសុទ្ធតែជាផលិតផល និងសេវាកម្មសមស្របនឹងតម្រូវការ និងនិន្នាការរបស់ភ្ញៀវទេសចរមូស្លីម យ៉ាងពិតប្រាកដ។

នៅក្នុងកម្មពិធីនេះដែរ ក្រសួងទេសចរណ៍ ក៏បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសៀវ ភៅមូស្លីមហ្វ្រែនលីកម្ពុជា ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការងារបដិសណ្ឋារកិច្ចទេសចរមូស្លីម ដែលនឹងជួយជំរុញមូលដ្ឋានអាជីវកម្មទេសចរណ៍ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ទទួលបានការយល់ដឹងបន្ថែមទៀត អំពីការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម និងស្តង់ដាមូស្លីមហ្វ្រែនលីកម្ពុជា៕

ថតដោយ៖ ឆាំ បិន