ព័ត៌មានជាតិ

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី២០ ខែតុលានេះ ខណៈអាកាសចរណ៍ស៊ីវិល ស្នើដល់អ្នកធ្វើដំណើរចេញ-ចូល មេត្ដាយោគយល់ ពេលមានការរឹតបន្តឹងសន្តិសុខ

image


ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) លំដាប់ថ្នាក់ 4F នឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា «រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍កំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦:០០នាទី ដល់ម៉ោង ១២:០០នាទី សម្រាប់រៀបចំពិធីសម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) លំដាប់ថ្នាក់ 4F ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា»។
ជាមួយគ្នានេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏បានស្នើសុំបងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរចេញ-ចូលឆ្លងកាត់ អាកាសយានដ្ឋានអន្តរជាតិតេជោ មេត្តាយោគយល់ និងអធ្យាស្រ័យ ដោយទីតាំងខាងលើនេះ នឹងមានការរឹតបន្តឹងសន្តិសុខ និងសុវត្ថិភាព ក្នុងអំ ឡុងពេលនៃការរៀបចំពិធីដ៏មានសារៈសំខាន់នេះ។
ការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ដោយធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាក្លាយជាអ្នកដើរតួនាទីដ៏សំខាន់មួយនៅក្នុងទីផ្សារអា កាសចរណ៍ក្នុងតំបន់ និងជាគោលដៅទាក់ទាញសម្រាប់អ្នកដំណើរទូទាំងពិភពលោក។
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបង្កើនសមត្ថភាពអាកាសចរណ៍របស់កម្ពុជាធំជាងមុនរហូតដល់ ៦ដង ពង្រឹងការតភ្ជាប់ក្នុងតំបន់ និងគាំទ្រដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា។
ជាមួយនឹងការវិនិយោគប្រមាណជាង ២ប៊ីលានដុល្លារអាម៉េរិក គម្រោងនេះលាតសន្ធឹងលើផ្ទៃដី ២.៦០០ហិកតា ស្ថិតនៅខេត្តកណ្តាល និងខេត្តតាកែវ ដែលមានចម្ងាយប្រហែល ២០គីឡូ ម៉ែត្រពីភាគខាងត្បូងរាជធានីភ្នំពេញ។ ជាអាកាសយានដ្ឋានប្រភេទ 4F វាអាចផ្ទុកយន្តហោះខ្នាតធំៗរបស់ពិភពលោក រួមទាំងយន្តហោះ Airbus A380-800 និង Boeing 747-800។
នៅក្នុងដំណាក់កាលដំបូងរបស់ខ្លួន អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងអាចទទួលអ្នកដំណើររហូតដល់ ១៣លាននាក់ក្នុងមួយឆ្នាំ ដោយពង្រីកដល់ ៣០លាននាក់ ក្នុងដំណាក់កាលទីពីរ និងទីបី ជាមួយនឹងសមត្ថភាពចុងក្រោយនៃអ្នកដំណើរ ៥០លាននាក់ក្នុងមួយឆ្នាំ។
លើសពីនេះ គម្រោងនេះក៏ផ្តោតទៅលើនិរន្តរភាពផងដែរ ដោយមានឧទ្យានថាមពលពន្លឺព្រះអាទិត្យ នឹងគាំទ្រដល់ប្រតិបត្តិការដែលធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយជាព្រ លានយន្តហោះបៃតងបំផុតមួយក្នុងពិភពលោក៕