ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ី ស៊ើបអង្កេតករណីបង្គាបង្កកមានសារធាតុវិទ្យុសកម្ម ក្រោយអាម៉េរិកបដិសេធការនាំចូល

image


ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ី កំពុងស៊ើបអង្កេតករណីបំពុលដោយសារធាតុវិទ្យុសកម្ម ដែលរកឃើញនៅក្នុងបង្កាបង្កកសម្រាប់ការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក ដោយអាជ្ញាធរបានបញ្ជាក់ថា ការតាមដានបានរកឃើញថា សារធាតុនេះមានប្រភពចេញពីតំបន់ឧស្សាហកម្មស៊ីកានដេ (Cikande) ក្នុងខេត្តបាតែន (Banten) ។

ការធ្វើតេស្តបានរកឃើញសារធាតុគីមីសេស៊ីយ៉ូម-១៣៧ (Caesium-137 ឬ Cs-137) ដែលជាសារធាតុវិទ្យុសកម្មពាក់ព័ន្ធនឹងនុយក្លេអ៊ែរ នៅបន្ទាប់ពីសហរដ្ឋអាម៉េរិកបានធ្វើការបដិសេធចំពោះការដឹកជញ្ជូនបង្គាជាច្រើនលើក និងរឹតបន្តឹងលើការត្រួតពិនិត្យការនាំចូល ។

អាជ្ញាធរបានដាក់តំបន់ស៊ីកានដេ ក្រោមការត្រួតពិនិត្យជាពិសេស និងបានបិទទីតាំងដែលសង្ស័យថា ជាប្រភពនៃការលេចធ្លាយសារធាតុនោះ។ ក្រសួងបរិស្ថាន រួមជាមួយនឹងកងកម្លាំងនគរបាល កំពុងតែត្រួតពិនិត្យរថយន្តដឹកទំនិញ និងបរិក្ខាផ្សេងៗ ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត ។

ក្រុមមន្ត្រី និយាយថា ស្ថានភាពស្ថិតនៅក្រោមការគ្រប់គ្រង ហើយមិនបង្កគ្រោះថ្នាក់ដល់សាធារណជននោះទេ ដរាបណាប្រជាជន ជៀសវាងតំបន់ដែលមានការបំពុល ។

ករណីរកឃើញការបំពុលនេះ បានវាយលុកយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មបង្គារបស់ឥណ្ឌូណេស៊ី ដោយកាត់បន្ថយផលិតកម្មរហូតដល់ ៣៥% និងបន្ទាបតម្លៃទីផ្សារ។ ជាមួយនឹងការរឹតបន្តឹងចំពោះការនាំចូលរបស់សហរដ្ឋអាម៉េរិកដែលត្រូវចាប់ផ្ដើមនៅថ្ងៃទី៣១ ខែតុលា ដែលធ្វើឱ្យវិបត្តិនេះ ក្លាយជាការគំរាមកំហែងដល់ការងារ និងប្រាក់ចំណូលជាមូលដ្ឋានសម្រាប់កម្មករ និងសហគមន៍ដែលពឹងផ្អែកលើការនាំចេញអាហារសមុទ្រ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Ajeng Dinar Ulfiana via REUTERS