ព័ត៌មានជាតិ

ផ្លូវ​ និងស្ពាន​វាងក្រុងកំពត​ នឹងចាប់បើកការដ្ឋានសាងសង់ក្នុងខែវិច្ឆិកា ខណៈស្ពានឥន្ទធនូត្រូវរក្សាទុកដើម្បីទាក់ទាញទេសចរ

image


កំពត៖ អភិបាលខេត្តកំពត​ លោក ម៉ៅ ធនិន បានឱ្យដឹងថា គម្រោងស្ពានវាងក្រុងកំពត នឹងបើកការដ្ឋានសាងសង់​ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយការសាងសង់ត្រូវប្រើរយៈពេលត្រឹមតែ ១២ខែប៉ុណ្ណោះ។ បន្ទាប់ពីមានស្ពានវាងក្រុង ស្ពានឥន្ទធនូនឹងត្រូវបិទការធ្វើចរាចរ តែត្រូវរៀបចំតុបតែងលម្អឱ្យបានស្អាត ដើម្បីឱ្យទេសចរដើរកម្សាន្តនាពេលរាត្រី និងអង្គុយគយគន់ទេសភាពនៅពេលថ្ងៃ។

លោក ម៉ៅ ធនិន បានឱ្យដឹងដូចនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ក្រោមអធិបតីភាពរបស់​ លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ លោកបានបង្ហាញគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់ខេត្ត គឺការសាងសង់ផ្លូវ និងស្ពានវាងក្រុងកំពត។ គម្រោងសាងសង់ផ្លូវ និងស្ពានវាងក្រុងនេះនឹងជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្លល់ សម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរកុំឱ្យកក់ស្ទះផង និងដើម្បីជំរុញដល់វិស័យទេសចរណ៍ផង។ ផ្លូវ និងស្ពានវាងក្រុងកំពត ជាអំណោយដ៏ថ្លៃថ្លារបស់ម្តេចតេជោ និងសម្តេចធិបតី ដែលមានប្រវែងប្រមាណ ១០គីឡូម៉ែត្រ ហើយស្ពានត្រូវធ្វើរំលងផ្លូវស្របមាត់ព្រែកកំពង់បាយតែម្តង ដើម្បីកុំឱ្យប៉ះពាល់ដល់ផ្លូវចាស់ដែលមានស្រាប់។

ភ្ជាប់ជាមួយស្ពានថ្មីនេះ ខេត្តកំពុងសិក្សាដាក់កង្ហារយក្សមួយទៀតដើម្បីទាញយកថាមពលអគ្គិសនីប្រើផង និងជាកន្លែងរូបថតរូបអនុស្សាវរីយ៍សម្រាប់ទាក់ទាញទេសចរផង។ ផ្លូវ និងស្ពានវាងក្រុង នឹងប្រើពេលសាងសង់ក្នុងរយៈពេល ១២ខែឱ្យរួចរាល់ បន្ទាប់មកស្ពានឥន្ទធនូត្រូវបិទមិនឱ្យធ្វើចរាចរណ៍ទៀតទេ តែរដ្ឋបាលខេត្តនឹងធ្វើការតុបតែងលម្អឱ្យទៅជាកន្លែងសម្រាប់ដើរ និងអង្គុយកម្សាន្តទាំងពេលយប់ និងពេលថ្ងៃ។

ជាមួយគ្នានេះ​ លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត បានសរសើរចំពោះគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់អភិបាលខេត្ត ក្នុងការអភិវឌ្ឍខេត្តឱ្យមានភាពទាក់ទាញទេសចរ ហើយលោកក៏ឯកភាព និងស្នើដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ សូមចូលរួមសហការឱ្យបានល្អ ដើម្បីឱ្យគម្រោងសាងសង់ផ្លូវ និងស្ពានវាងក្រុងនេះអាចដំណើរការទៅដោយរលូន និងរួចរាល់ឆាប់រហ័ស អាចប្រើប្រាស់ជាប្រយោជន៍សម្រាប់ខេត្ត និងប្រជាជនទាំងអស់គ្នា៕


អត្ថបទ៖ វង្ស សុធារម្យ