ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីត្រាំ គ្រោងធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ានៅចុងសប្ដាហ៍នេះ ជុំវិញដំណោះស្រាយតំបន់ហ្គាហ្សា

image


សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) មានប្រសាសន៍ថា លោកអាចនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលទំនងជានឹងទៅកាន់ប្រទេសអេហ្ស៊ីប នៅចុងសប្តាហ៍នេះ នៅស្របពេលកិច្ចចរចាសន្តិភាពរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់បន្តមានភាពល្អប្រសើរ ។
លោកក៏បានលើកឡើងផងដែរអំពីលទ្ធភាពនៃការធ្វើដំណើរទៅទស្សនកិច្ចនៅឯតំបន់ហ្គាហ្សា អាស្រ័យលើរបៀបនៃការចរចា។ ខណៈនេះ បេសកជនកំពូលរបស់លោក រួមមាន លោកស្ទេវ វីកអោហ្វ (Steve Witkoff) និងលោកចារ៉េដ គូស្នៀ (Jared Kushner) កំពុងមានវត្តមានស្រាប់ហើយនៅក្នុងប្រទេសអេហ្សីប ដែលចូលរួមនៅក្នុងការពិភាក្សាដោយប្រយោល ។
កិច្ចពិភាក្សារបស់អ្នកសម្រុះសម្រួលកាតា និងអេហ្ស៊ីប ដែលបានធ្វើឡើងនៅក្នុងទីក្រុងសាមអែលសេក្ខ (Sharm el-Sheikh) ផ្តោតលើសំណើសន្តិភាពចំនួន ២០ ចំណុចដែលលោកប្រធានាធិបតីត្រាំ (Trump) បានបង្ហាញកាលពីខែមុន ជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ។
តាមសេចក្ដីរាយការណ៍ ក្រុមហាម៉ាស់ បានទទួលយកនូវផ្នែកខ្លះនៃផែនការដែលដឹកនាំដោយសហរដ្ឋអាម៉េរិក រួមមានជាពិសេស គឺការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលនៅសេសសល់ក្នុងរយៈពេល ៧២ ម៉ោង ។
គួររម្លឹកថា មុនការធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា លោកត្រាំ គ្រោងនឹងទៅទស្សនាមជ្ឈមណ្ឌលវេជ្ជសាស្ត្រ វ៉លទ័ររីដ (Walter Reed) នៅថ្ងៃសុក្រ ដើម្បីពិនិត្យសុខភាពប្រចាំឆ្នាំរបស់លោក ក៏ដូចជាដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំជាមួយកងទ័ព ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ VIORY/ Hamza ZH Qraiqe/Anadolu