កម្ពុជា រំពឹងទទួលបានគម្រោងវិនិយោគជាង ៦០០គម្រោង សម្រាប់ឆ្នាំ២០២៥នេះ

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា នៅឆ្នាំ២០២៥នេះ កម្ពុជា រំពឹងទទួលបានគម្រោងវិនិយោគប្រមា ណជាង ៦០០គម្រោង ដែលបំបែកកំណត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនដែលអនុម័តលើគម្រោងវិនិយោគបានច្រើបបែននេះឡើយ។
ថ្លែងក្នុងវេទិកាស្តីពី “វិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក” នៅសាលាជាតិគយ និងរដ្ឋាករកម្ពុជា កាលពីសប្តាហ៍មុននេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា គ្រាន់តែរយៈពេល ៩ខែឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងវិនិយោគបានរហូតដល់ ៥៤៦គម្រោងរួចហើយ ខណៈនៅសល់គម្រោងជាង ៤០ទៀត នៅក្នុងដៃ ដែលមិនទាន់បានពិនិត្យ និងអនុម័តនៅឡើយ។
លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា តាមការរំពឹងទុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចនឹងអនុម័តលើគម្រោងវិនិយោគរហូតដល់ ៦៣០គម្រោង សម្រាប់ពេញមួយឆ្នាំ២០២៥នេះ និងអាចបង្កើតការងារបានជាង ៤០ម៉ឺនកន្លែងជូនប្រជាពលរដ្ឋបន្ថែមទៀត។ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា គម្រោងវិនិយោគទាំងនេះ គឺមិនមែនជាវិនិយោគខ្យល់នោះទេ គឺជាការវិនិយោគពិតប្រាកដ ដោយក្រុមហ៊ុនបានសម្រេចបោះទុនវិនិយោគនៅកម្ពុជា ហើយក្រុមមន្ត្រីជំនាញក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏មានការតាមដានលើគម្រោងទាំងនេះផងដែរ។
សូមជម្រាបថា ក្នុងរយៈពេល ៩ខែនៃ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,៨ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២៣១គម្រោង ស្មើនឹងប្រមាណ ៧៣% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ គម្រោងទាំងនេះ ត្រូវបានគេរំពឹងថា នឹងអាចបង្កើតការងារប្រមាណ ៣៧,៦ម៉ឺនកន្លែង នៅទូទាំងប្រទេស។
ជាការកត់សម្គាល់ ត្រឹមតែរយៈពេល ៩ខែក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញ មួយឆ្នាំ២០២៤ ដែលមានប្រមាណ ៤១៤គម្រោងប៉ុណ្ណោះ៕

