ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ផ្នែកវិនិយោគ ជំរុញឱ្យអ្នកវិនិយោគចាប់យកឱកាសធ្វើធុរកិច្ចលើឧស្សាហកម្មឈើដាំ​ នៅកម្ពុជា ដើម្បីកាត់បន្ថយការនាំចូលវត្ថុធាតុដើម និងជំរុញការនាំចេញគ្រឿងសង្ហារិម

image


ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការវិនិយោគកម្ពុជា ជំរុញឲ្យវិនិយោគិនក្នុងស្រុក និងបរទេសចាប់ឱកាសធ្វើធុរកិច្ចលើឧស្សាហកម្មឈើដាំនៅកម្ពុជា ដើម្បីកែច្នៃជាគ្រឿងសង្ហារឹម ក្តាបន្ទះ និងក្តាក្រាល សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ពិសេសសហរដ្ឋអាម៉េរិក។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងនៅក្នុងកិច្ចពិភាក្សានៃវេទិកាស្តីពី “វិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក” នៅសាលាជាតិគយ និងរដ្ឋាករកម្ពុជា កាលពីសប្តាហ៍មុននេះថា ទោះបីជាប្រទេសកម្ពុជា មានរោងចក្រជាច្រើនដែលផលិតគ្រឿងសង្ហារិម ក្តារបន្ទះ និងក្តាក្រាល ប៉ុន្តែប្រហែល ៩០ភាគរយ នៃវត្ថុធាតុដើមរបស់ពួកគេនៅតែត្រូវបាននាំចូល ដោយសារតែសមត្ថភាពផ្គត់ផ្គង់ក្នុងស្រុកមានកម្រិត។
លោកបានលើកឡើងថា វិស័យឯកជនក្នុងស្រុកគួរតែវិនិយោគលើឧស្សាហកម្មឈើដាំ ដើម្បីគាំទ្រខ្សែសង្វាក់ផលិតកម្មក្នុងស្រុក និងបន្ថែមតម្លៃដល់សេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។
លោកគូសបញ្ជាក់ថា កម្ពុជា រកចំណូលបានយ៉ាងច្រើនក្នុងមួយឆ្នាំៗពីការនាំចេញផលិត ផលដែលផលិតពីឈើ ដូចជា គ្រឿងសង្ហារឹម ក្តាបន្ទះ ក្តាក្រាលសម្រាប់សណ្ឋាគារ ខុនដូ និងផ្ទះ ទៅសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសដទៃទៀត។
លោកអគ្គលេខាធិការកត់សម្គាល់ថា៖ «វិស័យគ្រឿងសង្ហារឹម ក្តាបន្ទះ ក្តាក្រាល និងសាឡុង យើងនាំទៅសហរដ្ឋអាម៉េរិក ជិត ១ពាន់លានដុល្លារ តែធាតុពិតវត្ថុធាតុដើមយើងនាំចូលពីប្រទេសដទៃប្រមាណ ៩០% ខណៈក្នុងស្រុកយើងអត់មានលទ្ធភាពផលិតបាន។ នេះគឺជាកាលានុវត្តភាពមួយធំណាស់សម្រាប់វិស័យឯកជនចូលរួមក្នុងវិស័យនេះ ហើយបើយើងធ្វើបាន អាចបង្កើតការងាររាប់សែននាក់ទៀត»។
ជាមួយគ្នានេះ លោក បន្ថែមថា បច្ចុប្បន្នកម្ពុជា នៅមានផ្ទៃដីទំនេរច្រើន សម្រាប់បម្រើឲ្យឧស្សាហកម្មឈើដាំ ហើយរាជរដ្ឋាភិបាលកំពុងតែគិតគូររឿងកិច្ចការងារនេះ ទាំងស្វាយចន្ទី ឧស្សាហកម្មឈើដាំ និងកៅស៊ូ ដើម្បីផ្គត់ផ្គង់ឧស្សាហកម្មក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើវត្ថុធាតុដើមនាំចូល ដែលជាហេតុបង្កើនតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចជាតិ។
ទោះជាយ៉ាងណា​ ប្រធានាធិបតីសហរដ្ឋអាម៉េរិក​ លោក​ ដូណាល់​ ត្រាំ​ កាលពីសប្តាហ៍មុននេះ​ បានប្រកាសដំឡេីងពន្ធគយជាសកលលេីការនាំចូលផលិតផលគ្រឿងសង្ហារិមមួយចំនួន​ ក្នុងអត្រាពន្ធ​ ២៥%​ ដែលនឹងអនុវត្តចាប់ពីថ្ងៃទី​ ១៤​ខែតុលា​ ឆ្នាំ២០២៥​នេះ​តទៅ។ ការណ៍នេះ​ អាចនឹងបង្កក្តីបារម្ភសម្រាប់ឧស្សាហកម្មនាំចេញគ្រឿងសង្ហារិមរបស់កម្ពុជាផងដែរ។
យោងតាមទិន្ន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ៨ខែដំបូង ឆ្នាំ២០២៥នេះ កម្ពុជា បាននាំចេញគ្រឿងសង្ហារឹម សម្ភារគ្រែ ពួក ទម្រពួក និងខ្នើយកល់ ជាដើម មានតម្លៃទឹកប្រាក់ ១.០៧៦លានដុល្លារអាម៉េរិក កើនឡើង ២៨,២% ចំណែកការនាំចេញឈើ និងវត្ថុធ្វើពីឈើ មានតម្លៃទឹកប្រាក់ ២៨៨លានដុល្លារអាម៉េរិក កើនឡើង ២០,៣ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕