ព័ត៌មានជាតិ

កូនទាហានថៃបាញ់សម្លាប់មេក្រុមទាហានថៃ២នាក់ ដោយសារអត់ទ្រាំនឹងការឈរជើងនៅតាមព្រំដែនយូរពេក មិនបានទៅផ្ទះ

image

បាងកក៖ លោក Pita ដែលជាមេគណបក្សប្រឆាំងដ៏ធំមួយរបស់ប្រទេសថៃ បានបង្ហោះជាសំណេរថា ក្រុមទាហានមួយក្រុមអត់ទ្រាំនឹងការឈរជើងនៅតាមព្រំដែនយូរពេក មិនបានទៅផ្ទះក៏ផ្ទុះកំហឹងបាញ់សម្លាប់មេក្រុមទាហានខ្លួនឯងស្លាប់ចំនួន ២នាក់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ហើយត្រូវបានក្រុមយោធាសៀមលាក់ព័ត៌មានជិតឈឹង។​

លោក Pita បានលើកឡើងថា នេះគឺជាអ្វីដែលលោកមិនចង់ឃើញ លោកបានប្រាប់ហើយ សង្គ្រាមមិនមានអ្វីចំណេញទេ ឥលូវនេះដោយសារតែជម្លោះព្រំដែនបានអូសបន្លាយ មានករណីក្រុមទាហានមួយក្រុមអត់ទ្រាំនឹងការឈរជើងនៅតាមព្រំដែនយូរពេក មិនបានទៅផ្ទះក៏ផ្ទុះកំហឹងបាញ់សម្លាប់មេក្រុមទាហានខ្លួនឯងស្លាប់ ២នាក់កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ហើយត្រូវបានក្រុមយោធាលាក់ព័ត៌មានជិតឈឹង។

លោក Pita បានបន្តថា បើតាមការបញ្ជាក់ពីគ្រួសារសពបានបញ្ជាក់ថា ក្រៅពីកំហឹងក្នុងការឃាត់មិនឱ្យទាហានមកផ្ទះវិញនោះ ក្រុមទាហានដែលនៅប្រចាំការនោះមិនមានស្បៀងអាហារគ្រប់គ្រាន់ មានតែមី និងត្រីខ មិនមានរបបអាហារគ្រប់គ្រាន់ដូចអ្វីដែលមេទាហាន និងរដ្ឋាភិបាលបានអះអាងនោះទេ ទាំងនេះវាបានស្តែងឱ្យយើងឃើញយ៉ាងច្បាស់ថា តើទាហានយើងដែលកំពុងឈរជើងការពារទឹកដីនៅជួរមុខនោះ គ្នាកំពុងតែលំបាកយ៉ាងណា ហើយក៏គ្មានការយកចិត្តទុកដាក់ពីមេទាហានទេ ទើបគ្នាដាច់ចិត្តបាញ់មេទាហានខ្លួនឯងចោលបែបនេះ។

លោកឱ្យប្រជាជនថៃទាំងអស់ចូលរួមចែករំលែកដើម្បីផ្ញើសារទៅរដ្ឋាភិបាល និងមេៗយោធាទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ទាហានជួរមុខផង កុំទុកឱ្យគ្នាត្រូវរងទុក្ខយ៉ាងនេះ គ្នាគឺជាអ្នកដែលឈរជើងការពារទឹកដីយ៉ាងពិតប្រាកដ៕