សម្ដេចតេជោ ហ៊ុន សែន ប្រាប់ម៉ាឡេស៊ីថា កម្ពុជាមិនចង់ឲ្យសម្ព័ន្ធមិត្ដណាមួយរបស់កម្ពុជា ថ្កោលទោសប្រទេសណាទេ តែកម្ពុជាចង់បានបំផុត គឺការជំរុញឲ្យរក្សាបាននូវបទឈប់បាញ់ ប្រកបដោយប្រសិទ្ធភាព
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ពន្យល់ទៅកាន់លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី អំពីស្ថានភាពព្រំដែន កង្វល់ និងបច្ចុប្បន្នភាព ដែលភាគីថៃបានចាក់សំឡេងខ្មោច សំឡេងរំខាននានា ដែលបង្កការរំខានដល់ពលរដ្ឋទាំងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ តែយ៉ាងណាក៏ដោយ កម្ពុជា មិនសុំសម្ព័ន្ធមិត្ដណាមួយថ្កោលទោសប្រទេសណាទេ តែកម្ពុជាចង់បានបំផុតគឺការជំរុញឲ្យរក្សាបាននូវបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងការស្វែងរកដំណោះស្រាយដោយសន្ដិវិធី ហើយអាចវិលទៅប្រក្រតីភាពឆាប់ៗ។
ការលើកឡើងបែបនេះនា ឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក Dato Seri’ Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ នាវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះបានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកវត្ដមានរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី ពេលនេះជាផ្នែកមួយដ៏សំខាន់នៃការញ៉ាំងទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែជិតស្និត និងរីកចម្រើន។
ជាការឆ្លើយតប លោក Dato Seri’ Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងម៉ាឡេស៊ី និងកម្ពុជា មានភាពរឹងមាំ មិនត្រឹមតែរឹងមាំការទូត ឬនយោបាយ ប៉ុណ្ណោះទេ ហើយក៏ជាទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជនផងដែរ។លោក បានបន្ដរំលេចជុំវិញការរីកចម្រើនយ៉ាងល្អប្រសើរនៃវិស័យម្ហូបអាហារនៅកម្ពុជា ជាពិសេសប្រភេទអាហារហាឡាល់ ដែលក្នុងនោះឯកឧត្ដមក៏ជំរុញឲ្យកាន់តែមានការពេញនិយមលើម្ហូបអាហារហាឡាល់ និងសង្ឃឹមថានឹងមានគណៈកម្មាការមួយដើម្បីសិក្សាលើវិស័យម្ហូបអាហារហាឡាល់ឲ្យកាន់តែល្អប្រសើរ។
ឆ្លៀតឱកាសនេះលោកក៏បានលើកឡើងពីទំនាក់ទំនងផ្នែកទេសចរណ៍ និងសុខាភិបាល ដែលម៉ាឡេស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលទាំងភ្ញៀវទេសចរកម្ពុជានិងអ្នកដែលមានបំណងស្វែងរកសេវាសុខាភិបាលនៅម៉ាឡេស៊ី ហើយដើម្បីកាន់តែងាយស្រួល លោកបានជម្រាបជូនសម្ដេចតេជោ ពីការសិក្សាពិនិត្យលើលទ្ធភាពបង្កើតមន្ទីរពេទ្យម៉ាឡេស៊ីនៅកម្ពុជា។
នាឱកាសដដែលសម្ដេចតេជោបានកត់សម្គាល់ថា ដើម្បីឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរដើរទៅមុខស្របគ្នាទាំងសេដ្ឋកិច្ច នយោបាយ ការពង្រីកនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ រវាងកម្ពុជា ម៉ាឡេស៊ី គឺត្រូវធ្វើយ៉ាងណាឲ្យរីកចម្រើនផងដែរ ដោយសម្ដេចបានរំលេចថា ទំហំពាណិជ្ជកម្ម កម្ពុជា និងម៉ាឡេស៊ី មានការកើនឡើង ប៉ុន្ដែសម្ដេចតេជោ ចង់ជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរធ្វើយ៉ាងណា ឲ្យទំហំពាណិជ្ជកម្មកើនឡើងបន្ដទៀត។
បន្ថែមពីនេះ សម្ដេចតេជោ បានអរគុណ ម៉ាឡេស៊ីដែលកន្លងមកបានបញ្ជាទិញ អង្ករពីកម្ពុជា ដែលម៉ាឡេស៊ីជាប្រទេសធំទី១ដែលនាំអង្ករពីកម្ពុជាច្រើនជាងគេ ដល់ទៅជាង៧ម៉ឺនតោន កាលពីឆ្នាំ២០២៤ ហើយសម្ដេចសង្ឃឹមថាម៉ាឡេស៊ី នឹងជួយទិញនូវផលិតផលកសិកម្មផ្សេងៗបន្ថែមទៀតពីកម្ពុជា។
ជុំវិញផ្នែកទេសចរណ៍ និងផ្នែកសុខាភិបាលវិញ សម្ដេចតេជោបានផ្ដល់យោបល់ថា ម៉ាឡេស៊ី គួរតែបង្កើតមជ្ឈមណ្ឌលមួយដែលផ្ដល់ព័ត៌មានពីសេវាសុខាភិបាល ឬពិនិត្យសុខភាពម៉ាឡេស៊ីនៅកម្ពុជាដើម្បីងាយស្រួលសម្រាប់ប្រជាជនកម្ពុជាដែលមានលទ្ធភាពអាចទៅស្វែងរកសេវានៅទីនោះ ចំពោះវិញវិស័យអាហារហាឡាល់ សម្ដេចតេជោសង្ឃឹមថានឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខដែលប្រទេសទាំងពីរមានលើកិច្ចសហប្រតិបត្ដិការជាមួយគ្នា។
ទាក់ទងបញ្ហាព្រំដែន កម្ពុជា ថៃ សម្ដេចតេជោ ក៏បានពន្យល់ទៅកាន់លោក ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី អំពីស្ថានភាពព្រំដែន កង្វល់ និងបច្ចុប្បន្នភាព ដែលភាគីថៃបានចាក់សំឡេងខ្មោច សំឡេងរំខាននានា ដែលបង្កការរំខានដល់ពលរដ្ឋទាំងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ដែលបានកើតឡើងដែលសកម្មភាពទាំងនោះនាំឲ្យមានភាពផុយស្រួយខ្លាំងណាស់ក្នុងការប៉ះទង្គិចគ្នាឡើងវិញ តែយ៉ាងណាអ្វីដែលកម្ពុជាចង់បាន នោះគឺមិនសុំសម្ព័ន្ធមិត្ដណាមួយថ្កោលទោសប្រទេសណាទេ តែកម្ពុជាចង់បានបំផុតគឺការជំរុញឲ្យរក្សាបាននូវបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងការស្វែងរកដំណោះស្រាយដោយសន្ដិវិធី ហើយអាចវិលទៅប្រក្រតីភាពឆាប់ៗ។
ស្របជាមួយគ្នានេះ តាមរយៈលោកឧបនាយករដ្ឋមន្ត្រី នាពេលនេះ សម្ដេចតេជោ ក៏បានអរគុណដល់នាយករដ្ឋមន្ដ្រីម៉ាឡេស៊ីដែលបានបានរួមចំណែកដោះស្រាយបញ្ហា រវាងកម្ពុជា ថៃ ដោយសម្ដេចតេជោក៏បានបង្ហាញការគោរពចំពោះតួនាទីរបស់លោកនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី ក្នុងនាមប្រធានអាស៊ាន៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ប៉ក់ សុឃីម, ង៉ាន់ សំណាង