ព័ត៌មានជាតិ

អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ច្រានចោលការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃ ដែលថា សម្តេចដាក់សម្ពាធ ឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃ ត្រឹមថ្ងៃទី២០ ខែតុលា

image

ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅយប់ថ្ងៃទី១៥ ខែតុលានេះ បានឆ្លើយតបទៅនឹងអ្នកនាំពាក្យក្រសួងការពារជាតិថៃ ដែលបានមួលបង្កាច់ថាសម្តេចតេជោ ថាបានដាក់សម្ពាធឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃ ត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

អ្នកនាំពាក្យព្រឹទ្ធសភាថា “ជាជំហររបស់សម្តេចតេជោ និងជំហររបស់កម្ពុជា បានបញ្ជាក់ថា កម្ពុជា មិនថោកទៅសុំអង្វរថៃ ឱ្យបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញនោះទេ ទោះបីថៃបិទ១០០ឆ្នាំទៀត ឬក៏ថៃធ្វើតែតាមចិត្តទៅ គឺដាច់ខាតកម្ពុជាមិនថោកបន្ទាបខ្លួនទៅសុំអង្វរថៃ ឱ្យបើកច្រកព្រំដែនវិញនោះទេ។” 

អ្នកនាំពាក្យបន្តថា ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃ គឺជាការមួលបង្កាច់ និងបំភ័ន្តមតិសាធារណជន នៅក្នុងប្រទេសថៃផង និងសាធារណជនទូទៅផងដែរ ដែលមិនឆ្លុះបញ្ចាំងពីការពិត នៃជំហររបស់សម្តេចតេជោ និងជំហររបស់កម្ពុជានោះទេ៕

អត្ថបទ៖ សន ពិសិដ្ឋ