មេសិទ្ធិមនុស្សកម្ពុជា ចេញមុខការពារសមាជិកព្រឹទ្ធសភាថៃ ដែលជំទាស់នឹងការចាក់សំឡេងរំខានអ្នកភូមិព្រៃចាន់ និងជោគជ័យ
ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថា ចរន្តនៃក្រុមជ្រុលនិយមថៃបាននិងកំពុងទិតៀនវាយប្រហារយ៉ាងចាស់ដៃទៅលើ លោកស្រី Angkhana Neelapaijit សមាជិកព្រឹទ្ធសភា រហូតដាក់សម្ពាធឲ្យលោកស្រីលាលែងចេញពីសមាជិកព្រឹទ្ធសភាទៀតផង ដោយចោទប្រកាន់ថា គាត់មានបេះដូងជាខ្មែរក្នុងការរិះគន់កន្លងមកទៅលើក្រុមទាហានថៃបើកដៃឲ្យបុគ្គល កាន់ ចមផាឡាំង ប្រើសំឡេងរំខាន បំភិតបំភ័យ យាយីផ្លូវចិត្តដល់ប្រជាជនខ្មែរដែលរស់នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានេជ័យ បានធ្វើឲ្យប៉ះពាល់មុខមាត់ប្រទេសថៃនៅលើឆាកអន្តរជាតិ។
លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងយ៉ាងដូច្នេះថា៖ «ជាការពិតណាស់ អ្វីដែលលោកជំទាវ Angkhana Neelapaijit បានប្រតិកម្ម មិនមែនគាំទ្រដល់ខ្មែរនោះទេ តែផ្ទុយទៅវិញគឺគាត់បាននិងកំពុងលើកមុខមាត់ឲ្យរាជរដ្ឋាភិបាលថៃនៅលើឆាកអន្តរជាតិបានបង្ហាញថា នៅក្នុងប្រទេសថៃនៅមានបញ្ញវ័ន្តចេះដឹងខុសត្រូវ នៅមានអ្នកជំនាញច្បាប់ជាតិ ច្បាប់អន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស។ មុនពេលលោកស្រីប្រតិកម្ម មិត្តភ័ក្តិអន្តរជាតិទាំងឡាយនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្រៅស្រុកបាននិយាយប្រាប់ខ្ញុំថា ការយល់ដឹងរបស់ទាហានថៃ និងនាយករដ្ឋមន្ត្រីថៃដូចកូនក្មេងបៀមដៃ គ្មានការយល់ដឹងពីច្បាប់អន្តរជាតិទាល់តែសោះ មិត្តអឺរ៉ុបខ្លះទៀតនិយាយថា សមត្ថភាពនាយករដ្ឋមន្រ្តីថៃដែលមិនកើតចេញពីឆន្ទ:រាស្ត្រមើលទៅមានកម្រិត»។
លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា ដោយឡែកសម្រាប់ខ្លួនលោកផ្ទាល់ នៅពេលដែលបានឃើញការលើកឡើងរបស់លោកស្រីសមាជិកព្រឹទ្ធសភាថៃ និងឥស្សរជនថៃដទៃទៀតបានធ្វើឲ្យលោកមានការផ្លាស់ប្តូរនូវទស្សន: ផ្ទាល់ខ្លួនមួយចំនួនដោយយល់ថា ប្រទេសថៃនៅមាន និងសម្បូរអ្នកចេះដឹងបើទោះជាអ្នកខ្លះហ៊ាននិយាយ ឬ អ្នកខ្លះទៀតមិនហ៊ាននិយាយក៏ដោយក៏ពួកគេមិនឯកភាពនូវទង្វើថោកទាបនេះដែរ។ រាល់ការនិយាយស្តីរបស់លោកត្រូវមានការប្រុងប្រយត្ន័ជាងមុនត្រូវបែកចែកឲ្យច្បាស់ចំពោះក្រុមជ្រុលនិយម និងមិនជ្រុលនិយម។ ទង្វើព្រៃផ្សៃរបស់ក្រុមជ្រុលនិយមមិនឆ្លុះបញ្ចាំងនូវសង្គមថៃទាំមូលនោះទេ។ លោកដឹងច្បាស់ថា គាត់ជាជនជាតិថៃច្បាស់ណាស់គាត់មិនបម្រើផលប្រយោជន៍ឲ្យជាតិសាសន៍ដទៃជាងជាតិសាសន៍របស់គាត់នោះទេ។
លោកទេសរដ្ឋមន្ត្រី បានចាត់ទុកការទិតៀនប្រតិកម្មតបរបស់ក្រុមគាំទ្រទាហានថៃ និងរាជរដ្ឋាភិបាលថៃប្រៀបបីដូចកូនសត្វស្លាបមួយក្បាលដែលមិនបានដឹងពីគំនិតរបស់សត្វឥន្រ្ទី។ ហេតុអ្វីបានជាលោកសរសើរគាត់ពីព្រោះប្រទេសលោកត្រូវការអ្នកជិតខាងល្អ ត្រូវការមនុស្សល្អមានការយល់យោគគ្នា រួមគ្នារក្សានូវសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរនៅតាមព្រំដែនកម្ពុជា-ថៃ។ ការបាត់បង់លោកស្រីព្រឹទ្ធសភា Angkhana Neelapaijit គឺជាការបាត់បង់នូវធនធានដ៏កម្ររបស់ប្រទេសថៃ៕